(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការយល់ដឹងពីទីផ្សារមូលបត្រនៅកម្ពុជា» សិក្ខាសាលានេះរៀបចំឡើងផ្ដោតសំខាន់ លើការផ្ដល់ចំណេះដឹងផ្នែកមូលបត្រ ដល់អ្នកសារព័ត៌មានកម្ពុជា និងរួមចំណែកធ្វើយ៉ាងណា ចែករំលែកនូវចំណេះដឹងនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
សិក្សាសាលានេះរៀបចំឡើង ក្រោមការអញ្ជើញចូលរួមពីសំណាក់លោក ហុង សុខហួរ អគ្គនាយកដ្ឋានក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងអ្នកព័ត៌មានជាច្រើនរូបថែមទៀតផង។
សូមជម្រាបថា ផ្សារមូលបត្រកម្ពុជាជាកន្លែងដែលមូលបត្រ ត្រូវបានទិញ និងលក់។ ចំណែកមូលបត្រ ជាកិច្ចសន្យាហិរញ្ញវត្ថុដែលអាចជួញដូរបាន។
លោក ហុង សុខហួរ បានថ្លែងឲ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីលើកម្ពស់ការយល់ដឹងអំពីវិស័យមូលត្រ ចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលអ្នកទាំងអស់គ្នាជាតួអង្គសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា តាមរយៈតួនាទីរបស់ក្នុងផ្សព្វផ្សាយ ទៅដល់សាធារណជន។
លោកបានបន្ដទៀតថា សិក្ខាសាលាលើកនេះ ជាសិក្ខាសាលាទី៤ហើយដែលក្រុមហ៊ុនផ្សារមូលត្រកម្ពុជា រៀបចំឡើងសម្រាប់អ្នកសារព័ត៌មាន ដោយកន្លងមករៀបចំតែមួយពេល ពោលតែពេលព្រឹក ឬពេលរសៀលប៉ុណ្ណោះ ប៉ុន្ដែដោយមើលឃើញថា រយៈពេលប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ការស្វែងយល់ពីទិដ្ឋភាពរួមនៃផ្សារមូលត្រ ដែលជាវិស័យថ្មី និងលក្ខណៈស្មុគ្រស្មាញ ក្រុមហ៊ុនផ្សារមូលត្រកម្ពុជា សម្រេចរៀបចំសិក្ខាសាលានេះរយៈពេល៣ថ្ងៃរៀងរាល់ថ្ងៃសុក្រ ដោយប្រើប្រាស់ពេលចំនួន១ថ្ងៃក្នុង១សប្ដាហ៍ និង៣ថ្ងៃក្នុង៣សប្ដាហ៍។
លោក ស៊ូ សុជាតិ បានឲ្យដឹងថា ការជំរុញការអប់រំ និងការយល់ដឹងពីវិស័យមូលបត្រដល់អ្នកសារព័ត៌មាន ត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្រ្ដ អាទិភាពរយៈពេលខ្លី វែង និងមធ្យមសម្រាប់ការអភិវឌ្ឍន៍ទីផ្សារនេះ ព្រោះដំណើរការអភិវឌ្ឍន៍ទីផ្សារមិនអាចប្រព្រឹត្តិទៅដោយរលូនឡើយ ប្រសិនបើគ្មានការចូលរួមពីវិស័យសារព័ត៌មាន។
លោកបញ្ជាក់ទៀតថា សារព័ត៌មានជាច្រកដ៏សំខាន់មួយក្នុងការជំរុញ ការយល់ដឹងលើវិស័យមូលបត្រ និងការកសាងទំនុកចិត្តពីវិនិយោគិនជាតិ និងអន្ដរជាតិ ក្រុមហ៊ុនសក្ដានុពល និងដៃគូអភិវឌ្ឍន៍នានាចំពោះទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងសេដ្ឋកិច្ចកម្ពុជា។
លោកបានបន្ដទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលតែងតែជួយគាំទ្រយ៉ាងសកម្មក្នុងផ្សព្វផ្សាយ ដំណើរការអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងព្រឹត្តិការណ៍នានាពាក់ព័ន្ធនិងវិស័យមូលបត្រនៅកម្ពុជា ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានស្ម័គ្រចិត្ត ដោយមិនយកកម្រៃថែមទៀតផង។ ទាំងនេះជាការលះបង់ និងជួយរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍន៍វិស័យមូលបត្រ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល»។
សូមបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបើកដំណើរការប្រមាណជា៦ឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៥កំពុងចុះបញ្ជី ហើយផ្សារមូលបត្រកម្ពុជារំពឹងថា នឹងមានក្រុមហ៊ុនចុះបញ្ជីចំនួន២បន្ថែមទៀតនៅចុងឆ្នាំនេះ និងក្រុមហ៊ុន១ចំនួនទៀតនៅដើមឆ្នាំក្រោយ៕