(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ទទួលបានលទ្ធផលនិទ្ទេស A ចំនួន៣១នាក់ ស្រី១៨នាក់ នៅមណ្ឌលសៀមរាប នូវម៉ូតូម្នាក់១គ្រឿង និងសាំង៥២លីត្រ។
តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា មណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តសៀមរាប មានចំនួនមាន១២មណ្ឌល នៅក្នុងក្រុងសៀមរាប មាន៣១៩បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន៦មណ្ឌលស្មើ១៤២បន្ទប់, ផ្នែក វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ស្មើ១៧៧បន្ទប់ មានបេក្ខជនប្រឡងសរុប៧,៨៣០នាក់ កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះមានស្រី៤ព,៣៨៣នាក់។
លោកបានបន្តទៀតថា បេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន ៥,៩៧០នាក់ ស្រី៣,៣៨០នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A៣១នាក់ ស្រី១៨នាក់ និទ្ទេស B ចំនួន១៤៧នាក់ ស្រី៧៧នាក់, និទ្ទេស C ចំនួន៤៧៧នាក់ ស្រី២៨០នាក់, និទ្ទេស D ចំនួន១,៥៣៣នាក់ ស្រី៩១៦នាក់ និងនិទ្ទេស E ៣,៧៨២នាក់ ស្រី ២,០៨៩នាក់។
ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការអបអរសាទរផងដែរ អំពីលទ្ធផលនៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ដែលសិស្សានុសិស្សខេត្តសៀមរាប បានជាប់និទ្ទេសA ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។ សម្តេចក៏បានកោតសរសើរផងដែរ ពីទឹកចិត្តខិតខំសិក្សារបស់ក្មួយៗ និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការអប់រំប្រៀនប្រដៅរបស់មាតាបិតា អាណាព្យាបាលសិស្ស ដែល បានចូលរួមសហការ ក្នុងការអប់រំបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលសង្គមជាតិយើងកំពុងត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។
សម្តេចពិជ័យសេនា ទៀ បា ក៏បានធ្វើការក្រើនរំលឹកដល់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសAទាំងអស់ថា នេះជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ហើយការទទួលបានលទ្ធផលល្អក៏ពិតមែន តែក្មួយៗត្រូវបន្តខិតខំសិក្សារៀនសូត្របន្តទៀតនៅថ្នាក់ឧត្តមសិក្សា ពីព្រោះថាក្មួយៗ គឺជាគ្រាប់ពូជដ៏មានតម្លៃ ក្នុងការបំពេញនូវតម្រូវការរបស់សង្គមជាតិ។ ម៉្យាងទៀតក្មួយៗជាយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ក៏ត្រូវចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់មិត្តយុវជនរបស់ខ្លួន។
សម្តេច ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ក៏មានការតវ៉ារបស់សិស្សានុសិស្ស ចំពោះលទ្ធផលលើវិញ្ញាសារមួយចំនួន ដែលមិនបានបូកបញ្ចូលក៏ដោយ បញ្ហាបច្ចេកទេសកុំព្យូទ័រ បានជាធ្វើការប្រកាសលទ្ធផលពីរដង តែជាលទ្ធផលសុក្រិត្យ យុត្តិធម៌សម្រាប់ក្មួយៗផងដែរ។ នេះជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា លើវិស័យអប់រំសិក្សា ក្នុងពង្រឹងគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាព។
សម្តេចក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និង ចាប់យកការសិក្សាជាកត្តាចំបង ដែលចម្លងនូវវាសនា និងក្រុមគ្រួសាររបស់ខ្លួនបានទៅដល់ត្រើយសុភមង្គល ព្រមទាំងចូលរួមគ្រប់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលបើកបរត្រូវ ពាក់មួកសុវត្ថិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសូមឲ្យក្មួយៗទាំងអស់ ត្រូវត្រៀមលក្ខណៈ ក្នុងការចូលរួមពិធីសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃខាងមុខនេះផងដែរ៕