(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅចំណុចភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកស្ទឹងត្រង់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំងជំនាញបានបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី០២នាក់។
ក្នុងប្រតិបត្តិការនេះដកហូតបាន ម្សៅក្រាមពណ៌សចំនួន ១៨កញ្ចប់ (ធំ០៤កញ្ចប់ និងតូច១៤កញ្ចប់), ទូរស័ព្ទដៃ០៦គ្រឿង, ម៉ូតូ០៣គ្រឿង និងឡាន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបាមកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមច្បាប់៕