(ក្វាងចូវ, ចិន)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំប្រតិភូ ដែលមានអភិបាលស្រុកទូទាំងខេត្ត ដើម្បីទៅទស្សនកិច្ចនៅស្រុកភូឌូ ខេត្តក្វាងចូវ ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
យោងតាមមន្ត្រីសាលាខេត្តកំពង់ស្ពឺ ដែលអមដំណើរជាមួយអភិបាលខេត្ត បានប្រាប់មកភ្នាក់ងារ Fresh News ពីលទ្ធផលជំនួប រវាងអភិបាលស្រុកភូឌូ និងលោក វ៉ី សំណាង ឲ្យដឹងថា មានវិនិយោគិនចិនជាច្រើន នៅស្រុកភូឌូ នឹងមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។ លោកថា ខាងអភិបាលស្រុកភូឌូ បានស្នើសុំអាជ្ញាធរកម្ពុជា ឲ្យជួយមើលថែវិនិយោគិនចិន ពេលពួកគេមកវិនិយោគនៅខេត្តកំពង់ស្ពឺផងដែរ។
មន្ត្រីសាលាខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃហ្នឹងលោកអភិបាល ជួបពិភាក្សាជាមួយអភិបាលស្រុកភូឌូ ខេត្តក្វាងចូវ ប្រទេសចិន។ ខ្លឹមសារនៃជំនួបហ្នឹងគឺថា លោកអភិបាលខេត្ត បានអញ្ជើញអ្នកវិនិយោគិនស្រុកភូឌូ មកវិនិយោគនៅខេត្តកំពង់ស្ពឺយើង។ អ្នកភូឌូ ជំនាញគេខ្លាំងហ្នឹងគឺ ពាក់ព័ន្ធនឹងការធ្វើកាបូប គ្រឿងសម្អាងរបស់នារី។ គេ (វិនិយោគិនស្រុកភូឌូ) ចាប់អារម្មណ៍ទៅវិនិយោគ នៅខេត្តកំពង់ស្ពឺយើង»។
លោកបន្តថា «ខាងភូឌូបានយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺយ៉ាងខ្លាំង ហើយគាត់ (អភិបាលស្រុកភូឌូ) យល់ព្រមថានឹងជំរុញអ្នកវិនិយោគិនស្រុកភូឌូ ឲ្យទៅវិនិយោគ នៅខេត្តកំពង់ស្ពឺយើង ហើយស្នើឲ្យអាជ្ញាធរបស់យើង ជួយមើលថែវិនិយោគិនភូឌូងហ្នឹងផង»៕