(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឲ្យរីកចម្រើនទៅមុខ។ ការប្រឹងប្រែងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។
លោកបន្ដទៀតថា ជាក់ស្ដែងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានរីកចម្រើនឥតឈប់ឈរ។ ការរីកចម្រើននេះ បានផ្ដល់ការងារដល់ពលរដ្ឋជាច្រើន ខណៈបច្ចុប្បន្ននេះប្រជាពលរដ្ឋជាង៦ម៉ឺននាក់ បានចូលបម្រើការងារក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ការលើកឡើងបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាស្តីពី «អាជីពការងារក្នុងវិស័យធនាគារ និងការធានារ៉ាប់រង» ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថាន CamEd នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោកបន្ដទៀតថា ក្រៅពីការរីកចម្រើនលើវិស័យហិរញ្ញវត្ថុ ក៏មានវិស័យមិនមែនជាធនាគារ មានការរីកចម្រើជាច្រើនដូចជា៖ វិស័យមូលប័ត្រ, វិស័យធានារ៉ាប់រង និងសោធន វិស័យទាំងនេះបានរួមចំណែកផ្តល់ សេវាហិរញ្ញវត្ថុព្រមទាំងពង្រឹងការជឿជាក់ និងភាពច្បាស់លាស់ចំពោះអនាគត របស់ប្រជាជនដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ជា ចាន់តូ បានបន្ថែមថា ការរីកចម្រើនលើវិស័យធនាគារនារយៈពេល២ទសវត្សរ៍នេះ បានរួមចំណែកបង្កើតការងារដោយផ្ទាល់ និងប្រយោល សម្រាប់សេដ្ឋកិច្ចនៅទូទាំងប្រទេស។ លោកថា «ការផ្ដល់ការងារដោយផ្ទាល់មានដូចជា៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានផ្ដល់ការងារ ដល់ពលរដ្ឋចំនួន៦១,០០០នាក់ កើនឡើង៨ដងបើធៀបនឹងរយៈពេលកាលពី១០ឆ្នាំមុនមានន័យថា ជាមធ្យមផ្តល់ការងារថ្មីក្នុង១ឆ្នាំចំនួន៥ពាន់នាក់ ក្នុងអត្រា២០% »។
លោកបានបន្ដទៀតថា ចំណែកឯការបង្កើតការងារដោយប្រយោលនោះគឺ ផ្អែកទៅលើវិស័យធនាគារតាមរយៈ ការគាំទ្ររបស់ធនាគារក្នុងការបង្កើត ឬពង្រីកអាជីវកម្ម លើវិស័យនានានៃសេដ្ឋកិច្ច។
នាឱកាសនោះលោក ជា ចាន់តូ បានផ្តាំផ្ញើដល់និស្សិតដែលនឹងឈានជើង ចូលទីផ្សារការងារនាពេលអនាគតថា «ដើម្បីចាប់ឱកាសទាំងនេះបានសូម ក្មួយៗត្រូវបន្តខិតខំប្រឹងប្រែងជាប្រចាំ ក្នុងការដុសខាត់ពង្រឹងចំណេះដឹង គុណវុឌ្ឍិ និងគុណធម៌សំដៅត្រៀមខ្លួនរួមចំណែកបំពេញការងារ ក៏ដូចជាអភិវឌ្ឍន៍ លើវិស័យធនាគារនាពេលខាងមុខ»៕