(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា ភាពជោគជ័យរបស់ក្មួយៗ សិស្សានុសិស្ស នៅថ្ងៃអនាគតត្រូវតែផ្សារភ្ជាប់ជាមួយនយោបាយរបស់ប្រទេសជាតិ ទាំងផ្នែកនយោបាយសង្គម និងនយោបាយសេដ្ឋកិច្ច។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពេលចុះសំណេះសំណាល និងផ្តល់រង្វាន់ ម៉ូតូ១០គ្រឿង ដល់សិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន១០នាក់ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ។
លោក អភិបាលខេត្ត បានថ្លែងថា ពិតណាស់សិស្សានុសិស្ស ដែលរៀនពូកែប្រឡងជាប់រហូតបានដល់និទ្ទេស A គឺមានកត្តាលើកទឹកចិត្តពីឪពុកម្តាយ និងការខិតខំបង្ហាត់បង្រៀនពី លោកគ្រូ អ្នកគ្រូ ហើយក៏ជាសមិទ្ធិផល របស់លោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍ផងដែរ ព្រោះពួកគាត់បានខិតខំកសាងនូវមរតកជាច្រើន និងបានបន្សល់ទុកនូវបទពិសោធន៍ទុកជូន លោកគ្រូ អ្នកគ្រូ បច្ចុប្បន្នដើម្បីបន្តខិតខំបញ្ចេញនូវពុទ្ធិ បង្ហាត់បង្ហាញដល់ក្មួយៗ រួមផ្សំជាមួយការខិតខំរបស់ក្មួយៗផង ទើបធ្វើឱ្យមានលទ្ធផលដូចថ្ងៃនេះ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា «ភាពជោគជ័យដែលមានមកនោះ ក៏មិនអាចកាត់ផ្តាច់ពីស្ថានភាពនយោបាយរបស់សង្គមជាតិនោះដែរ ព្រោះថា ប្រសិនបើពេលនេះប្រទេសកម្ពុជាមិនមានសុខសន្តិភាពពេញលេញទេនោះ ក្មួយៗក៏មិនមានឱកាសបានសិក្សារហូតប្រឡងបានលទ្ធផលដូច្នេះដែរ អញ្ចឹងប្រាកដណាស់ថា ភាពជោគជ័យរបស់ក្មួយៗនៅពេលនេះ គឺស្របគ្នាជាមួយដំណើការសុខសន្តិភាព របស់កម្ពុជាយ៉ាងពិតប្រាកដ ដែលផ្តល់ឱកាសឱ្យក្មួយៗ មានលទ្ធភាព ក្នុងការប្រឹងប្រែងរៀនសូត្រ ទន្ទឹមនឹងនេះ វាគឺជាសមិទ្ធិផលមួយ របស់រាជរដ្ឋាភិបាលផងដែរ ដែលខិតខំធ្វើកំណែទម្រង់ លើវិស័យអប់រំ និងការអភិវឌ្ឍទើបធ្វើឱ្យក្មួយៗ មានភាពជោគជ័យយ៉ាងពេញលេញដូចថ្ងៃនេះ»៕