(ភ្នំពេញ)៖ គម្រោងទី៧ បុរី វិមានភ្នំពេញ ដែលកំពុងសាងសង់ នៅផ្លូវជាតិ៦អា ទទួលបានការសាទរ និងគាំទ្រខ្ពស់ ពីសំណាក់គណៈប្រតិភូក្រសួងការងារ និងគណៈប្រតិភូជប៉ុន, ក្នុងឱកាសចុះទស្សនកិច្ច និងត្រួតពិនិត្យ អំពីសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ និងសុវត្ថិភាពការដ្ឋាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។
ការចុះទស្សនកិច្ច របស់គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ បានដឹកនាំដោយលោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ និងគណៈប្រតិភូជប៉ុន ដឹកនាំដោយ លោក Jiro KAWASAKI សមាជិកសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងអមដំណើរដោយលោក លោកស្រី មន្រ្តីរាជការគណៈប្រតិភូទាំងពីរផងដែរ ។
ក្នុងដំណើរចុះទស្សនៈកិច្ចនេះ ក៏មានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំ បុរី វិមានភ្នំពេញ ក្នុងនោះដែរ បុរី ក៏បានធ្វើបទបង្ហាញ អំពីបទដ្ឋានបច្ចេកទេសសុវត្ថិភាពសំណង់ និងសុវត្ថភាពការងារ ក្នុងការដ្ឋានសំណង់ ព្រមទាំងអញ្ជើញ គណៈប្រតិភូ ចុះត្រួតពិនិត្យ ផ្ទាល់ក្នុងការដ្ឋានផងដែរ ។
ក្នុងឱកាសនោះ គណៈប្រតិភូ បានសំដែងនូវការសាទរ និងកោតសរសើរចំពោះ បុរី វិមានភ្នំពេញ ដែលមិនត្រឹមតែគិតគូអំពីគុណភាពសំណង់នោះទេ ប៉ុន្តែ បុរី ថែមទាំងបានអនុវត្តន៍នូវលក្ខខណ្ឌការងារ សុវត្ថិភាពការងារក្នុងការដ្ឋានសំណង់ ដោយអនុលោមតាមច្បាប់ការងារ និងបទដ្ឋានគតិយុត្តផ្សេងៗទៀតផងដែរ។
ដើម្បីជាការថ្លែងអំណរគុណ គណៈប្រតិភូ ក៏បានប្រគល់នូវ លិខិតថ្លែងអំណរគុណ ជូនដល់ បុរី វិមានភ្នំពេញ ចំពោះការសហការ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះ ក៏ដូចជាការរៀបចំការដ្ឋានសំណង់ បានល្អប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ ៕