(ព្រះវិហារ)៖ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ។
អាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះមានឈ្មោះទី១៖ ប៉ុន ចន្ធូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៖ ឈ្មោះ ហ៊ុន រ៉ាដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អាវុធហត្ថខាងលើ បានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ គឺកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការសហការជាមួយយោធាកងពលលេខ៣ និងយោធាកងពលលេខ៨ ហើយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះគឺធ្វើឡើងថ្ងៃខុសគ្នា ពោលគឺម្នាក់ឃាត់ខ្លួននៅល្ងាចថ្ងៃទី២៧ និងម្នាក់ទៀតឃាត់ខ្លួនថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ និងបានធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ លុយ២៥២,៥០០រៀល និងទូរសព្ទ១គ្រឿង។
ទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យទាំង២រូបនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានគិតថា ប្រហែលជារបរជួសជុលម៉ូតូមិនសូវកាក់កបទេដឹង បានជាថែមរបរជួញដូរគ្រឿងញៀនមួយទៀត រហូតនាំទុក្ខមកដាក់ខ្លួន និងក្រុមគ្រួសារ ដែលករណីនេះក៍សូមអំពាវនាវឱ្យប្រជាពលរដ្ឋក៍ដូចជាយុវជនយើង គួរជៀសឱ្យឆ្ងាយពីរគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីសេចក្តីសុខដល់ខ្លួន ក្រុមគ្រួសារ ក៍ដូចជាសង្គមជាតិយើងផងដែរ៕