(ភ្នំពេញ)៖ ការលាងឈាម គឺជាវិធីច្រោះយកកាកសំណល់ ដូចជាក្រេអាទីនីន និងអ៊ុយរ៉េ និងជាតិទឹកលើសចេញពីក្នុងខ្លួន ដោយប្រើម៉ាស៊ីនលាងឈាម ជំនួសឲ្យតំរងនោមធម្មជាតិដែលខូចឈប់ដំណើរការ។ មុនពេលមានវីធីលាងឈាម អ្នកជំងឺខូចតំរងនោមទាំងស្រុង គ្មានសង្ឃឹមថា នឹងរស់រានមានជីវិតបានឡើយ តែបច្ចុប្បន្ន អ្នកជំងឺខូចតំរងនោមអាចរស់នៅ និងធ្វើការខ្លះៗបានជាធម្មតា។
គ្លីនិកលាងឈាម នៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា ដែលចាប់ផ្តើមសម្ពោធដាក់ឲ្យប្រើប្រាស់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ នឹងចូលរួមចំណែក ផ្តល់សេវាលាងឈាម ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា ដោយអនុវត្តតាមស្តង់ដារវេជ្ជសាស្រ្ត ដែលមានការទទួលស្គាល់ជាអន្តរជាតិ។
គ្លីនិកលាងឈាមខេមា មានបរិយាកាសសំរាកព្យាបាលល្អ បំពាក់ដោយម៉ាស៊ីនលាងឈាមថ្មីស្រឡាង និងទំនើបផលិតនៅប្រទេសជប៉ុន ប្រើប្រាស់សម្ភារលាងថ្មីៗជានិច្ច ប្រើម្តងបោះចោល មិនប្រើឡើងវិញឡើយ ដែលគ្រប់គ្រង និងដំណើរការដោយបុគ្គលិកជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ ដោយសហការជាមួយសាស្ត្រាចារ្យផ្នែកតំរងនោម និងអ្នកជំនាញលាងឈាមមកពីកោះតៃវ៉ាន់។
លោកវេជ្ជបណ្ឌិត អ៊ុ សុភាព នាយកមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានលើកឡើងថា គ្លីនិកលាងឈាមខេមា នឹងចូលរួមលើកកំពស់គុណភាព និងស្តង់ដារលាងឈាមនៅកម្ពុជាយើង ឲ្យស្មើនឹងកន្លែងលាងឈាមនានានៅក្នុងតំបន់ និងអន្តរជាតិ ព្រោះយើងប្រើម៉ាស៊ីនដូចគ្នា បច្ចេកវិជ្ជាដូចគ្នា និងកម្រិតអ្នកជំនាញដូចគ្នា។
បន្ថែមពីនេះ លោកសាស្ត្រាចារ្យ ទូជានសៃ ប្រធានក្រុមហ៊ុនសុខភាពអាស៊ី ដែលសហការជាមួយមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានសំដែងការយល់ស្របថា ការរៀបចំ និងដំណើរការរបស់គ្លីនិកលាងឈាមខេមា គឺប្រហាក់ប្រហែលនឹងមណ្ឌលលាងឈាមនៅតៃវ៉ាន់ ជប៉ុន ឬសាំងហ្គាពួរដែរ៕