(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៥រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំមន្រ្តីរាជការ នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្ដបុទុមវតី រាជធានីភ្នំពេញ។
នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ ញាតិកាទាំង៧សណ្ដាន ដែលបានបែកកាយរំលាយក្ខ័ន្ធ ហើយមួយចំណែកទៀតឧទ្ទិសជូនដួងវិញ្ញាណក្ខ័ន្ធវិរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបានបូជាជីវិតក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។
ទន្ទឹមនឹងនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បាននាំយកទេយ្យទាន ប្រគេនព្រះសង្ឃសម្ដេចព្រះចៅអធិការវត្ត បច្ច័យ១លានរៀល ព្រះមេគុណ (ឆ្វេង/ស្ដាំ) បច្ច័យក្នុង១អង្គ៥០ម៉ឺនរៀល, ព្រះសង្ឃចំនួន៣៣អង្គ បច្ច័យក្នុង១អង្គ១០ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម, ចំនួន១០បាវ, មីខ្មែរ២០កេះ ស្ករស៥០គីឡូក្រម, ចំនួន២បាវ, តែចំនួន៥០កញ្ចប់, ទឹកក្រូច២០កេះ, ទឹកសុទ្ធ២០កេះ និងបច្ច័យចូលបុណ្យសរុបចំនួន៧៥,០០០ដុល្លារ និង២៣ លាន១៨ម៉ឺនរៀល។
ជាមួយគ្នានេះ ជូនក្រណាត់ស តាជី យាយជី៣០នាក់ ក្នុង១នាក់ៗ ទទួលបានក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល សិស្សក្រីក្រចំនួន២០នាក់ ក្នុងមួយនាក់ៗ ទទួលបានថវិកា ចំនួន២ម៉ឺនរៀលផងដែរ៕