(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឯក មនោសែន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកម្មវិធីសប្បុរសធម៌ និងប្រគល់ថវិកាសប្បុរសជនចំនួន ៥,៧៨៨.០២ដុល្លារអាមេរិក ជារបស់សប្បុរសជនជូនដល់ព្រឹទ្ធសិល្បករ នូ ស៊ិប ជាព្រឹទ្ធសិល្បករខ្មែរ ដែលមានប្រវត្តិល្អជារៀងរហូតមក បម្រើក្នុងវិស័យសិល្បៈជាតិ ដែលរហូតមកដល់ពេលនេះលោកបានជួបបញ្ហាលំបាកក្នុងជីវភាពចាស់ជរា ដែលមិនអាចរកប្រាក់ចំណូលបាន។
កម្មវិធីសប្បុរសធម៌ និងប្រគល់ថវិកាខាងលើនេះធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលមានសប្បុរសជន សាធារណជន និស្សិត បុគ្គលិក សាស្រ្តាចារ្យ ចូលរួមប្រមាណជាង៥០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ឯក មនោសែន ក៏បានអំពាវនាវដល់សាធារណៈជនទូទៅ សិល្បករខ្មែរទាំងអស់ ទាំងស្ថាប័ន អង្គភាព និងសប្បុរសជននានា មេត្តាបន្តជួយដល់ លោក នូ ស៊ិប និងព្រឹទ្ធសិល្បករផ្សេងទៀត ដែលជួបប្រទះការលំបាក ព្រមទាំងបានជម្រុញលើកទឹកចិត្ត បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាសាធារណជនទូទៅឱ្យចូលរួមលើកម្ពស់ ថែរក្សាការពារ និងអភិរក្សកេរ្តិ៍មរតក សម្បត្តិវប្បធម៌ជាតិខ្មែរគ្រប់ប្រភេទឱ្យបានគង់វង្ស និងរក្សាបាននូវកិត្យានុភាពជាតិតរៀងទៅ។
លោកសាស្រ្តាចារ្យ ឯក មនោសែន បានឱ្យដឹងទៀតថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះ មានគោលបំណងសំខាន់ៗដូចជា៖
១៖ ដើម្បីគោរព ផ្តល់តម្លៃ ផ្តល់កិត្តិយល និងលើកកម្ពស់ស្នាដៃព្រឹទ្ធសិល្បករខ្មែរ លោក នូ ស៊ិប ដែលមានប្រវត្តិល្អជារៀងរហូតមក បម្រើក្នុងវិស័យសិល្បៈជាតិ។
២៖ លើកទឹកចិត្តសាធារណជនទូទៅ ឱ្យចូលរួមថែរក្សាការពារ មរតកសំនៀង សិល្បៈ វប្បធម៌ប្រពៃណីដ៏មានតម្លៃរបស់ខ្មែរ និងលើកទឹកចិត្តដល់ព្រឹទ្ធសិល្បករ ដែលមានស្នាដៃល្អ។
៣៖ បញ្ជាក់ពីសន្តានចិត្ត ការស្រឡាញ់ ស្រណោះអាណិត និងទឹកចិត្តសប្បុរស ជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពចាស់ជរារបស់លោក នូ ស៊ិប ខណៈពេលដែលកត្តាសុខភាព មិនអាចឱ្យលោកប្រកបអាជីពចិញ្ចឹមជីវិតបាន និងជាការឆ្លើយតបទៅនឹងគុណូបការៈ និងស្នាដៃរបស់លោកដែលបានបម្រើក្នុងវិស័យសិល្បៈ និងអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជាច្រើនទសវត្សរ៍កន្លងមក។
៤៖ ដើម្បីទាញការចាប់អារម្មណ៍ពីសប្បុរសជនទូទៅ ឱ្យបាននឹកឃើញដល់ស្នាដៃ និងទេពកោសល្យដ៏កម្ររ របស់ព្រឹទ្ធសិល្បករដ៏ល្បី និងបន្តចូលរួមចំណែក ឧបត្ថម្ភជាថវិកា និងសម្ភារៈ ជួយដល់ជីវភាព និងជីវិតចុងក្រោយរបស់លោកឱ្យបានសមរម្យ សក្តិសមជាព្រឹទ្ធសិល្បករម្នាក់។
៥៖ សកម្មភាពជាកាយវិការ លើកកម្ពស់ឱ្យតម្លៃ វិស័យសិល្បៈដែលជាព្រលឹងជាតិ និងជាការលើកទឹកចិត្តដល់សិល្បករដទៃទៀតផងដែរ
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស បានបញ្ជាក់ទៀតថា ថវិកាដែលអំពាវនាវបានមកពីសប្បុរសជន សម្រាប់ប្រគល់ជូនព្រឹទ្ធសិល្បករ នូ ស៊ិប នាពេលនេះមានចំនួន ៥,៧៨៨.០២ដុល្លាអាមេរិកផងដែរ៕