(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ សាលាមីគីវ៉េបានប្រារព្ធពិធីប្រកាសលទ្ធផលនៃការប្រឡងសិស្សពូកែផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសទូទាំងសាលាមីគីវ៉េទាំង២២សាខា និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងរង្វាន់ជ័យលាភីដល់សិស្សឆ្នើមផងដែរ។
ពិធីនេះបានប្រពឹ្រត្តទៅក្រោមអធិបតីភាព លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមនៃមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាបុគ្គលិក លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្ស និងមាតាបិតាសិស្សយ៉ាងច្រើនកុះករ ។
លោកសៅ ហៃប្រធានការិយាល័យចំណេះទូទៅភាសាខ្មែរនៃសាលាមីគីវ៉េបានបញ្ជាក់ថា សាលាមីគីវ៉េទាំង២២សាខា មានសិស្សសរុបចំនួន២៥,៨៧៦នាក់ កំពុងសិក្សាកម្មវិធីភាសាអង់គ្លេស និងចំណេះទូទៅភាសាខ្មែរតាំងពីកម្រិតមត្តេយ្យ សិក្សាដល់កម្រិត១២ ដោយក្នុងនោះសិស្សចំណេះទូទៅភាសាខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិមានសិស្សសរុបចំនួន ៩,៤៧៦នាក់។
លោកបានបន្ថែមថា ក្នុងកម្មវិធីនេះសាលាបានអញ្ជើញសិស្សពូកែ (ចំណាត់ថ្នាក់លេខ១ ប្រចាំ សាខា)ទាំង២៩០នាក់មកពីគ្រប់សាខាទាំង២២ ឲ្យចូលរួម និងចែកជូនរង្វាន់ និងប័ណ្ណសរសើរដល់ពួកគាត់ ហើយនៅក្នុងចំណោមសិស្សពូកែទាំង២៩០នាក់ មានសិស្សចំនួន៤២នាក់ ត្រូវបានជ្រើសរើសជាសិស្សឆ្នើមទូទាំងសាលាមីគីវ៉េប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ ដោយសាលាបានផ្តល់ជូនពានជ័យលាភី អាហារូបករណ៍ សម្ភារសិក្សា និងថវិកាជាច្រើន ទៀតដល់សិស្សឆ្នើមទាំងនោះ ដើម្បីជាការលើកទឹក ចិត្ត។
លោក សែម សុវ័ន នាយកប្រតិបត្តិសាលាមីគីវ៉េ បានមានប្រសាសន៍បញ្ជាក់ថា ការកំណត់ឱ្យមានការប្រឡងជ្រើសរើសសិស្ស ឆ្នើមសម្រាប់ឆ្នាំសិក្សានីមួយៗរបស់សាលាមីគីវ៉េ គឺជាយន្តការមួយក្នុងចំណោមយន្តការជាច្រើន នៃផែនការពង្រឹងគុណភាពសិក្សារបស់សិស្ស។
លោកបានសំដែងការចូលរួមអបអរសាទរចំពោះ លទ្ធផលដ៏ល្អរបស់ក្មួយៗជាសិស្សពូកែ និងបានបញ្ចាក់ថា លទ្ធផលដែលក្មួយៗសិស្សពូកែទាំងអស់ទទួលបាន គឺជាការតបស្នងមួយដ៏មានន័យជួនដល់មាតាបិតារបស់ក្មួយៗ និងជាមោទនៈភាពមួយ សម្រាប់ខ្លួនឯងនិងសម្រាប់គ្រូសាររបស់ក្មួយៗ។
ជាមួយគ្នានេះ លោក សែម សុវ័នបានធ្វើការថ្លែងអំណរគុណចំពោះការផ្តល់ទំនុក ចិត្តដល់សាលាមីគីវ៉េរបស់សិស្សានុសិស្សនិង មាតាបិតា ឬអាណាព្យាបាលសិស្ស ដោយការជ្រើសរើសយកសាលាមីគីវ៉េជាកន្លែងផ្តល់ការអប់រំដល់ ក្មួយៗ និងបុត្រធិតា និងសំណូមពរឲ្យក្មួយៗ និងមាតាបិតា ឬអាណាព្យាបាលបន្តនូវការគាំទ្រ និងសហការជាមួយសាលា ដើម្បីជំរុញឲ្យការសិក្សារបស់ក្មួយៗជាសិស្សានុសិស្សកាន់តែមានគុណភាព។
ជាមួយគ្នានេះ លោកព្រាប កុម្ភៈ ប្រធានការិយាល័យបឋមនៃមន្ទីរអប់រំ យុវជននិង
កីឡារាជធានីភ្នំពេញបានកំណត់សម្គាល់ថា សាលាមីគីវ៉េគឺជាសាលាមានអាជ្ញាប័ណ្ណត្រឹមត្រូវនិងគោរពតាមបទដ្ឋានរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជននិងកីឡា ហើយលោកក៏បានធើ្វការកោតសរសើរចំពោះការរីកចម្រើន និងប្រព័ន្ធគ្រប់គ្រងរបស់សាលាមីគីវ៉េផងដែរ។
លោកព្រាប កុម្ភៈបានផ្ដាំផ្ញើដល់សមាជិកសមាជិកាអង្គពិធីទាំងមូលដោយសង្កត់ធ្ងន់លើការពង្រឹងសមត្ថភាពក្នុងការបង្រៀន និងរៀនពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខ។