(ព្រះវិហារ)៖ ថ្លែងទៅកាន់អតីតយុទ្ធជន ១,៣៣៣នាក់នៅក្នុងខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីស្នាក់ការអង្គការប្រជាជាតិនាពេលនេះ គឺជាកិត្តិយស និងមោទនភាពថ្មីមួយទៀតរបស់ជាតិកម្ពុជាទាំងមូល។
ក្នុងពិធីប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមដល់អតីតយុទ្ធជននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកបង្ហាញនូវសុន្ទរកថាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងទៅកាន់អង្គការសហប្រជាជាតិនៅយប់មិញនេះជូនដល់អតីតយុទ្ធជនទាំងអស់ដែលបានចូលរួមក្នុងពិធី។
លោក គន់ គីម បានដកស្រង់ខ្លឹមសារសង្ខេបនៃសុន្ទរកថារបស់សម្តេចតេជោ ដូចជាការបង្ហាញពីស្ថានភាពរបស់ប្រទេសកម្ពុជា ដែលធ្លាប់តែមានសង្គ្រាមពីអតីតកាលមកកាន់ដំណាក់កាលសុខសន្តិភាព ពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប, បញ្ហាបោះឆ្នោតនៅកម្ពុជា ក៏ដូចជាបញ្ហានៅលើពិភពលោក ដែលប្រទេសមហាអំណាចមួយចំនួនយកបញ្ហាសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកចូលកិច្ចការរបស់ប្រទេសដទៃជាដើម...។
លោក គន់ គីម បានគូសបញ្ជាក់ថា តាមរយៈប្រសាសន៍របស់សម្តេចតេជោ គឺបានបង្ហាញពីការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាពនៅលើពិភពលោកតាមរយៈតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។
«វត្តមាន និងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ទោះយើងជាប្រទេសតូចយ៉ាងណាក្តី តែក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិសំឡេងរបស់យើងត្រូវបានបង្ហាញទៅកាន់ពិភពលោក។ នេះគឺជាកិត្តិយស និងជាមោទនភាពមួយសម្រាប់យើងជាខ្មែរ ដែលមានមេដឹកនាំដ៏ខ្លាំងក្លាមួយរូបក្នុងការអភិវឌ្ឍជាតិ ហើយដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរចាតិ»។ លោក គន់ គីម បានបញ្ជាក់បន្ថែម។
នៅក្នុងពិធីនោះទាំងលោក គន់ គីម និងអតីតយុទ្ធជនកម្ពុជា សុទ្ធតែបានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នៅអង្គការសហប្រជាជាតិ។ ពួកគេបានលើកឡើងថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីតថភាពពិតរបស់កម្ពុជា និងពិភពលោក ដែលត្រូវយកចិត្តទុកដាក់ ដើម្បីកសាងពិភពលោកមួយមានសុខសន្តិភាពសម្រាប់មនុស្សជាតិគ្រប់ជាតិសាសន៍៕