(ភ្នំពេញ)៖ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានរៀបចំកម្មវិធីជំនួបជាមួយនិស្សិតឥស្សរជន ដែលទទួលបានអាហារូបករណ៍ទៅបំពេញទស្សនកិច្ចសិក្សារយៈពេល១៥ថ្ងៃ លើជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅសាកលវិទ្យាល័យជីណាន (Jinan) ស្ថិតនៅក្នុងក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។
លោក លីវ វៃតុង (Liu Weidong)ប្រធានមជ្ឈមណ្ឌលអាហារូបករណ៍ចិននៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងសាកលវិទ្យាល័យជីណាន គឺជាការបើកឱកាសដ៏ល្អ សម្រាប់និស្សិតទាំងអស់របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជានិយាយរួម និស្សិតឥស្សរជននិយាយដោយឡែកក្នុងការទៅសិក្សាឈ្វេងយល់ពីស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍនៅក្នុងប្រទេសចិន។
ក្នុងសញ្ចេតនាកោតសរសើរ ចំពោះកិច្ចខិតខំសិក្សាស្រាវជ្រាវរបស់និស្សិតឥស្សរជន លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងទាំងអស់មានសំណាងបានរស់នៅក្នុងសន្តិភាពនិងកិច្ចអភិវឌ្ឍ។
ដោយឡែក នៅក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសយ៉ាងទូលំទូលាយដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវ ដែលជាពិសេសនៅក្នុងទំនាក់ទំនងចែករំលែកពុទ្ធិនិងបទពិសោធន៍វិទ្យាសាស្រ្តជាមួយបរទេស។
ថ្ងៃនេះជាសក្ខីភាពមួយថ្មីបន្ថែមទៀត ដែលនិស្សិតឥស្សរជនចំនួន១១រូប របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជានឹងទៅបំពេញទស្សនកិច្ចសិក្សារយៈពេល១៥ថ្ងៃ នៅប្រទេសចិន ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានផ្តល់ឱកាសដល់និស្សិត ទៅបន្តការសិក្សានៅប្រទេសចិន ដែលលើកទី១កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងមក និស្សិតចំនួន២០នាក់ បានទទួលអាហារូបករណ៍ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យចំនួន១៨ របស់ប្រទេសចិន ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ៕