(ភ្នំពេញ)៖ សន្និសីទឱសថសាស្រ្តលើកទី១ ឆ្នាំ២០១៨ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមអធិបតីភាពលោកបណ្ឌិត Ian Findlay សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, លោកឱសថការី បាន បុត្តា ប្រធានគណៈឱសថការីកម្ពុជា និងលោក លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា។
កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យឱសថសាស្រ្តនានា នៅក្នុងប្រទេសកម្ពុជា រួមមាន លោក-លោកស្រី ដែលជាសាស្រ្តាចារ្យ បណ្ឌិត-បណ្ឌិតឱសថសាស្រ្តឯកទេស ឱសថបណ្ឌិត-ឱសថការី និងនិស្សិតឱសថសាស្ត្រ មកពីមហាវិទ្យាល័យឱសថសាស្រ្តនានា ក្នុងប្រទេសកម្ពុជា ក្នុងន័យការចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ និងភាពជោគជ័យនៅក្នុងផ្នែកឳសថសាស្រ្តគ្លីនិក ឳសថសហគមន៍ ពាណិជ្ជកម្ម សហគ្រាផលិតឳសថ និងវេជ្ជជីវសាស្រ្ត។
គួរជម្រាបថា លោក បាន បុត្តា គឺជាអ្នកដែលបានជួយផ្តល់ឱសថជាច្រើន ដល់គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ស សុខា ដើម្បីយកទៅជួយប្រជាពលរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃផងដែរ៕