(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួនចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តឧត្តមរត្យារាម ត្រពាំងថ្ម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ និងសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបក្តីសុខ ក្សេមក្សាន្តជានិច្ចនិរន្ត ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបញ្ជាក់ថា «កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាក់ទាញអ្នកវិនិយោគទុនធំៗ មកបណ្តាក់ទុនរកស៊ីបង្កើតការងារយ៉ាងច្រើន ជូនប្រជាពលរដ្ឋធ្វើការបានប្រាក់ខែច្រើនជីវភាពគ្រួសារបានធូរធា មានឱកាសបានមកអង្គុយធ្វើបុណ្យ ជាមួយគ្នាយ៉ាងសប្បាយរីករាយ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ថែរក្សា និងយល់ច្បាស់ពីតំលៃ នៃសន្តិភាពបោះឆ្នោតជូនសម្តេចតេជោ ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសរីកចម្រើនទៅមុខទៀត។
ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនដល់ព្រះសង្ឃនិងចែកជូនយាយជី តាជី រួមមាន៖
*ទី១៖ ប្រគេនដល់ព្រះសង្ឃ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកស៊ីវអ៊ីវ ទឹកត្រី អង្ករនាងខុន ស្ករស តែ បច្ច័យប្រគេនព្រះសង្ឃ១អង្គ២ម៉ឺនរៀល
*ទី២៖ តាជី យាយជី៤០០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល សារុង១
*ទី៣៖ ប្រគេនបច្ច័យកសាងវត្ត ចំនួន១១លាន៥៩ម៉ឺនរៀល និង៣ម៉ឺនដុល្លារសម្រាប់ជួយកសាងសាលាឆាន់៕