(ភ្នំពេញ)៖ ស្របពេលដែលសេដ្ឋកិច្ចឌីជីថល កំពុងរីកលូតលាស់នៅកម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ឬ Techo Startup Centre ដើម្បីផ្សារភ្ជាប់រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ឲ្យដឹងថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ មានទីតាំងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយផ្តោតលើការពង្រឹងសហគ្រិនភាព តាមរយៈការបង្កើត និងបណ្តុះធុរកិច្ចថ្មីៗផ្អែកលើថ្នាលបច្ចេកវិទ្យា, ការផ្សារភ្ជាប់ បណ្តាញការងារ, ការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់លើបំណិនសហគ្រិន។
ក្រសួងបញ្ជាក់ថា មជ្ឈមណ្ឌលនេះ នឹងជួយជំរុញដល់ការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីអាចមានឱកាសចាប់យកវិស័យសេដ្ឋកិច្ចថ្មីៗ ពិសេសគាំទ្រដល់យុវជនកម្ពុជា ដែលមាននិន្នការចាប់យកបច្ចេកវិទ្យា ឱ្យមានកន្លែងធ្វើការ និងសិក្សាស្រាវជ្រាវជាក្រុម ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិច (E-tax) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «បច្ចុប្បន្នក្នុងប្រទេសកម្ពុជា និន្នាការសេដ្ឋកិច្ចឌីជីថលនេះ បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាមប្រព័ន្ធអ៊ិនធឺណិត ស្របពេលដែលអតិថិជនកំពុងសម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា»។
ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា តាមរយៈលទ្ធផលនៃការសិក្សាបឋម, កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ឬដំណើរចាប់ផ្តើម នៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថលដែលនឹងតម្រូវឱ្យយើងត្រូវគិតគូរ ជាចម្បងនូវការជួយជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ឱ្យកាន់តែរីកចម្រើនថែមទៀត ឱ្យឈានដល់ «ដំណាក់កាលរីកចម្រើន» ស្របនឹងនិន្នាការរបស់ប្រទេសផ្សេងៗក្នុងតំបន់។
លោកបានលើកឡើងទៀតថា «ប្រជាជនកម្ពុជាជាច្រើន ក៏បាននិងកំពុងតែទទួលផលពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ ដូច្នេះ,កម្ពុជាត្រូវបង្កើតជាបរិស្ថានអំណោយផល ជាប្រព័ន្ធអេកូឡូហ្សីដែលគាំទ្រ ដល់ការរីកចម្រើន ដែលរួមមានការ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្នែករឹង ផ្នែកទន់ និងផ្នែកឌីជីថល រួមទាំង ការវិនិយោគលើធនធានមនុស្ស និងជំនាញឱ្យស្របតាមតម្រូវការទីផ្សារក្នុងប្រទេស និងតំបន់ ស្របជាមួយគ្នានឹងការគិគូរ អំពីយន្តការផ្សេងៗបន្ថែមទៀត ដើម្បីពង្រឹងការម្រមូលចំណូល ពីវិស័យនេះផងដែរ»៕