(ប៉ៃលិន)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់រាជរដ្ឋាភិបាល ជូនដល់អតីតយុទ្ធជនរស់នៅក្នុងខេត្តប៉ៃលិន ដោយមានចូលរួមពីលោក ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រតិភូអមដំណើរផងដែរ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងថា អតីតយុទ្ធជនពិតជាទទួលបាននូវសេចក្តីសុខ និងការរីកចម្រើនបន្ថែមទៀត ក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូដល់ផលប្រយោជន៍ និងជីវភាពរស់នៅសុខទុក្ខរបស់បងប្អូនយើង ដែលជាការឆ្លើយតបទៅ នឹងសកម្មភាពរបស់អតីតយុទ្ធជន ដែលបានឆ្លងកាត់ការលំបាកក្នុងសង្គ្រាម ក្នុងបុព្វហេតុចូលរួមនយោបាយឈ្នះឈ្នះ របស់សម្តេចដែលបាននាំឲ្យមាតុភូមិកម្ពុជា ដ៏កម្សត់ឆ្លងផុតភ្នក់ភ្លើងសង្គ្រាមទទួលបានសុខសន្តិភាព ព្រមទាំងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ។
ទេសរដ្ឋមន្រ្តី គន់ គីម មានមតិសំណេះសំណាលក្នុងឱកាសនោះថា ដោយបានការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនសមាជិកអតីតយុទ្ធជនយើង ទើបសម្តេចផ្តល់ប័ណ្ណនេះជូនបងប្អូនយើងដើម្បីទទួលបានការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ សម្រួលការលំបាករបស់បងប្អូនយើងបានមួយកំរិត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា កន្លងមកលោកបានមកទីនេះអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនយើងទៅបោះឆ្នោត នឹងបោះឆ្នោតគាំទ្រសម្តេចតេជា ថ្ងៃនឹងមកទីនេះក្រៅពីចែកប័ណ្ណ គឺមកអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោត រហូតទទួលការគាំទ្រភ្លូកទឹកភ្លូកដី ឥឡូវសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ហេតុនេះយើងនឹងរួមគ្នាបន្តគោរពអនុវត្តតាមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញឲ្យថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់ត្រូវរួមគ្នាបំពេញភារកិច្ច មើលថែ និងខិតខំដោះស្រាយរាល់ការលំបាកជូនបងប្អូនដើម្បីជាការសងគុណពួកគាត់។ តាមសំណើរបស់សមាគមអតីតយុទ្ធជនខេត្ត លោកបានគោរពស្នើសុំសម្តេច និងត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាក ចំនួន០៨ខ្នង។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ទោ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានឲ្យដឹងថា នៅឆ្នាំ២០១៨នេះ អតីតយុទ្ធជនដែលទទួលបានរបបនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តប៉ៃលិន មានចំនួន១,៥២៨នាក់ ហើយអតីតយុទ្ធជន ដែលបានទទួលប័ណ្ណ ប.ស.ស នាពេលនេះ មានចំនួន២០០នាក់ ព្រមទាំងថវិកាឧបត្ថម្ភពីទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងម្នាក់ៗចំនួន២ម៉ឺនរៀលផងដែរ៕