(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រារព្ធសន្និសីទវិទ្យាសាស្ត្រលើកទី១១ ស្ដីអំពី «វិស្វកម្មបរិស្ថាន» នៅសណ្ឋាគារសាន់វេ ដែលមានអ្នកស្រាវជ្រាវវិទ្យាសាស្ដ្រ ប្រមាណ២០០នាក់ ជាតិ-អន្ដរជាតិ ក្រោមអធិបតីភាព លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
សន្និសីទនេះ គឺបានប្រព្រឹត្តទៅចំនួនពីរថ្ងៃ គឺ២៧-២៨ ខែកញ្ញា ឆ្នាំ២០១៨ ហើយនេះជាព្រឹត្តិការណ៍មួយ នឹងត្រូវរៀបចំឡើងរួមគ្នាជាមួយនឹងសន្និសីទអន្តរជាតិលើកទី៣ ស្ដីអំពីការអភិរក្ស និងការគ្រប់គ្រងបឹង នៅតំបន់ត្រូពិក (The 3rd International Symposium on the Conservation and Management of Tropical Lakes)។
គោលបំណងនៃសន្និសីទវិទ្យាសាស្រ្ដនេះ គឺដើម្បីផ្ដល់ឱកាស ដល់អ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិ ចែករំលែកលទ្ធផលស្រាវជ្រាវ និងបទពិសោធន៍ទាក់ទងជាមួយនឹងការពង្រឹង និងស្ដារឡើងវិញនូវបញ្ហាបរិស្ថាន ដែលបង្កឡើងដោយមនុស្ស និងការប្រែប្រួលបរិយាកាសតាមរយៈការបទបង្ហាញតាមប្រធានបទនីមួយៗ។
សន្និសីទនេះ អាចដំណើរការសកម្មភាព បានដោយមានកិច្ចសហការឧបត្ថម្ភរបស់ AUN/Seed-Net JICA និង ក្រសួងវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យាជប៉ុន (JST) ៕