(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវបន្តការងារស្នូលរបស់ខ្លូន ឲ្យដូចភ្លៀងរលឹមនៅតាមមូលដ្ឋានដែលទទួលខុសត្រូវ ក្នុងការថែរក្សាឲ្យបាននូវប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា។
សារក្រើនរំលឹកជាថ្មីម្ដងទៀតនេះរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញជាធិបតី ក្នុងសន្និបាតបូកសរុប និងដកពិសោធន៍លើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តរយៈពេលខាងមុខ របស់គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។
ក្នុងសន្និបាតនោះ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានបញ្ជាក់ថា អង្គសន្តិបាតនេះនឹងបានឆ្លុះបញ្ចាំង អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងលើកនូវបទពិសោធន៍ល្អៗ ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់អនុវត្តរយៈពេលបន្តកាន់តែមានប្រសិទ្ធិភាព។
ថ្លែងទៅកាន់អង្គពិធីទាំងមូល សម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាពទៅលើរបាយការណ៍របស់គណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងកោតសរសើរផងដែរ អំពីលទ្ធផលដែលក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តទៅគ្រប់រូបភាពតាមមូលដ្ឋាននីមួយៗ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាក់ចូលជ្រៅដល់ស្រទបមហាជន ប្រជាជន ដែលធ្វើឲ្យមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេច ទៀ បាញ់ ក៏បានលើកនូវបទពិសោធន៍ល្អៗ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អនុវត្តរយៈពេលបន្ត កាន់តែមានប្រសិទ្ធិភាព និងសម្រេចបានជោគជ័យ ទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅអាណត្តិក្រោយៗបន្តទៀតផង និងបានលើកនូវកត្តាសំខាន់ៗមួយចំនួន ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងខេត្តសៀមរាប ទទួលបានអាសនៈ៦ លើ៦អាសនៈ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ចំពោះការរៀបចំនូវទីតាំងការិយាល័យរដ្ឋភា ក៏ដូចព្រឹទ្ធសភា នៅខេត្តសៀមរាប ដោយរយៈពេល៥អាណត្តិមកនេះ បានយកទីតាំងរបស់លោក សៀង ណាំ ធ្វើជាការិយាល័យ។ តែក្នុងអាណត្តិទី៦នេះ គឺត្រូវធ្វើឲ្យខាងតែបាន ដើមី្បងាយស្រួលដល់ប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ ចូលមកធ្វើការទំនាក់ទំនងលើការងារ។
សម្តេចប្រធានក្រុមការងារ ក៏បានធ្វើការថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយចំពោះលទ្ធផលបោះឆ្នោតកន្លងទៅនេះ ដែលធានានូវគ្រប់លក្ខណៈសម្បត្តិ សម្រាប់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំជោគវាសនាប្រទេសជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ថែរក្សាបានសន្តិសុខ សន្តិភាព ស្ថេរភាពនយោបាយ និងកិច្ចអភិវឌ្ឍន៍សង្គមតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣៕