(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ ក្នុងនោះ មានទាំងចោរលួចកុំព្យូទ័រម្នាក់ ក្នុងចំណោម២នាក់ ខណៈម្នាក់កំពុងរត់គេចខ្លួន និង២នាក់ផ្សេងទៀត រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ តាមស៊ើបអង្កេតរហូតបង្ក្រាបឃាត់ខ្លួនបានជាក់ស្ដែង ក្នុង២ករណីផ្សេងគ្នា។
សមត្ថកិច្ចក៏បានវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងនៅតាមបណ្ដោយផ្លូវ១០៣ ស្ថិតក្នុងក្រុមទី១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានផ្ញើជូនលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោកវរសេនីយ៍ឯក គល់ យី បានឲ្យដឹងថា «ករណីទី១ ដែលសមត្ថកិច្ចយើងបង្ក្រាបបានជាក់ស្ដែង គឺបានអនុវត្តឡើងក្រោយពីទទួលបានពាក្យបណ្ដឹងមួយពីជនរងគ្រោះឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ថាមានចោរចូលលួច (កុំព្យូទ័រ) ទើបបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបក្ខពួកប្រើប្រាស់គ្រឿងញៀនបានម្នាក់ឈ្មោះ ខន វ៉ាហុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ ខណៈម្នាក់ទៀតឈ្មោះ មិន រតនា ហៅស្វិត ភេទប្រុស អាយុ២១ឆ្នាំ កំពុងរត់គេចខ្លួន ដោយក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលរបស់លោកបានដកហូតវត្ថុតាងមួយចំនួនដូចជា ឫស្សីកែច្នៃសម្រាប់ធ្វើសកម្មភាពទាញយកសំភារ១ដើម, ឈើនីវ១ដើម, កុំព្យូទ័រយួរដៃ ចំនួន២គ្រឿងម៉ាក ASUS ពណ៍ស១គ្រឿង និងពណ៍ខ្មៅ១គ្រឿង ព្រមទាំងបានប្រគល់ជូនជនរងគ្រោះបណ្តោះអាសន្នសិនផងដែរ»។
លោកវរសេនីយ៍ឯក គល់ យី បានឲ្យដឹងទៀតថា «ករណីទី២ ដែលសមត្ថកិច្ចបើកការស្រាវជ្រាវរហូតបង្ក្រាបបាននោះ គឺជាបទល្មើសប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ដោយក្នុងប្រតិបត្តិការនោះ កម្លាំងនករបាលរបស់លោកបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងជាក្រាមសថ្លាចំនួន១កញ្ចប់តូច ខណៈដែលជនសង្ស័យមានឈ្មោះ ម៉េង វាសនា ភេទប្រុស កើតឆ្នាំ១៩៩៣ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ក្និងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ កូយ រ៉ាមេឃ ភេទប្រុស កើតឆ្នាំ១៩៩៧ មុខរបរជាងកញ្ចក់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ»។
លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងផងដែរថា ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ ក្នុងនោះមានម្នាក់ កំពុងរត់គេចខ្លួន រួមជាមួយវត្ថុតាងពាក់ព័ន្ធបទល្មើស ក្នុង២ករណីផ្សេងគ្នា ត្រូវបាននាំខ្លួនមកសាកសួឃុំបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តស្រាវជ្រាវរកបក្ខពួកនៅសេសសល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕