(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញចុះមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាសហគមន៍កសិកម្ម ដែលបានអនុវត្តន៍កសិកម្មតាមកិច្ចសន្យានៅក្នុងខេត្តព្រះវិហារ។
អញ្ជើញទទួលដំណើរលោករដ្ឋមន្ត្រី នាឱកាសនោះមានលោក លី សារ៉ារិទ្ធ អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែនដីជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។
លោករដ្ឋមន្ត្រីបានបន្តថា «ផ្តើមចេញពីការចាប់ផ្តើមកសាងប្រទេសជាតិពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី យើងមើលឃើញថា ប្រទេសរបស់យើងមានការរីកចំរើន និងអភិវឌ្ឍន៍ខ្លាំង និងមានការគាំទ្រពីបរទេស ដែលធ្វើឲ្យក្រុមប្រឆាំងមានការអាម៉ាសមុខ យ៉ាងខ្លាំង។ ជាមួយគ្នានេះ ប្រទេសផ្តល់ជំនួយសន្យាផ្តល់ជំនួយមកប្រទេសកម្ពុជាយើងយ៉ាងច្រើនថែមទៀត មានន័យថា មិនមានប្រទេសណាមួយកាត់ជំនួយពីប្រទេសកម្ពុជានោះទេ»។
លោក វេង សាខុន បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជំរុញឲ្យវិសយ័ឯកជន ដែលមានបំណងចង់វិនិយោគលើវិស័យកសិកម្មនេះ បានខ្ចីលុយយ៉ាងច្រើន ដើម្បីយកទៅធ្វើកិច្ចការនេះ ក្នុងគោលបំណងលើកកំពស់ជីវភាពប្រជាកសិករយើង ឲ្យមានការធូរធា។ លោកក៏បានសំណូមពរឲ្យប្រជាកសិករនៅខេត្តព្រះវិហារ ត្រូវខិតខំថែមទៀត ក្នុងការប្រកបរបកសិកម្ម ដើម្បីលើកស្ទួយជីវីវាពគ្រួសារយើង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ ដល់លោកប្រធានមន្ទីរកសិកម្មខេត្ត ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ហើយលោកថា នៅសន្និបាទក្រសួងខាងមុខនេះ មន្ទីរកសិកម្មខេត្តព្រះវិហារ និងទទួលបានជ័យលាភីថែមទៀតផង។
ដោយឡែក លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ខេត្តព្រះវិហារសហគមន៍កសិកម្មសរុប៤៣សហគមន៍ ក្រោមការសម្របសម្រួលដោយ ការិយាល័យកសិកម្មអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីរទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់ ដោយមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ។
លោកបន្តថា ក្នុងឆ្នាំ២០១៨នេះគិតត្រឹមខែកញ្ញា មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់ឲ្យក្រុមហ៊ុន៤គឺក្រុមហ៊ុន Amru Rice ក្រុមហ៊ុន Agro Angkor Inter Trade ក្រុមហ៊ុន Signatures of Asia និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) លើបរិមាណស្រូវសរុបចំនួន២៦.៩៥៣តោន មានអ្នកផលិតចំនួន៥១៥១គ្រួសារ និងមានផ្ទៃដីផលិតសរុប១៦២៥៦ហិកតា។
លោកប្រធានមន្ទីរ បានបន្តទៀតថា ដំឡូងមីសរីរាង្គ សាជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC បានចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មចំនួន៨ ដើម្បីផ្គត់ផ្គង់ដំឡូងមីសរីរាង្គ ចំនួន១០.៧៤៨ និងសមាជិកផលិតមាន៥៧៧គ្រួសារ លើផ្ទៃដី៧៨៩ហិកតា។ ស្វាយសរីរាង្គ សាជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC គ្រោងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មចំនួន៥ នៅស្រុកគូលែន និងស្រុករវៀង ដើម្បីផ្គត់ផ្គង់ស្វាយសិរីរាង្គ សមាជិកគ្រោងចុះឈ្មោះផលិតចំនួន២០០គ្រួសារ សាកល្បងជំហ៊ានទី១ក្នុងឆ្នាំ២០១៨នេះ៕