(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំងគោជល់ នឹងឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្តដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រភេសជ្ជៈប៉ូវកម្លាំង ដល់កីឡាករប្រដាល់គុនខ្មែរពីរជំនាន់របស់គោជល់ គឺ ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ និងកីឡាករ ពេជ្រ ម្ទេសខ្មាំង ប្រសិនបើដណ្ដើមបានជំនះពីការប្រកួត World Lethwei Championship ក្រោមប្រធានបទ Heartless Tiger នៅទីក្រុង យ៉ាងហ្គូន ប្រទេសភូមា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ។
ការប្រកួតនេះ នឹងធ្វើឡើងនៅក្នុងសង្វៀន Thuwanna Indoor Stadium។ នេះបើតាមការបញ្ជាក់របស់លោក មាន សំអុល នាយកគ្រប់គ្រងទូទៅភេសជ្ជៈគោជល់នៅកម្ពុជា។
អ្នកប្រដាល់ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ និងកីឡាករ ពេជ្រ ម្ទេសខ្មាំង គុនខ្មែរល្បីល្បាញពីររូបរបស់កម្ពុជា បានចាកចេញទៅទីក្រុងយ៉ាងហ្គូន ប្រទេសភូមា ដើម្បីធ្វើការហាត់សមមុនការប្រកួត។ កីឡាគុណខ្មែរ ទាំងពីរបានបញ្ជាក់ថា លោកត្រូវជួបជាមួយជើងខ្លាំងពីររូប ប្រចាំប្រទេសភូមាគឺ កីឡាករ Yan Naing Tun និងកីឡាករ Mite Yine។
គុណខ្មែរទាំងពីរបន្ថែមថា អ្នកទាំងពីរបានសិក្សាពីដែគូរបស់ខ្លួន គឺថាដៃគូទាំងពីរពិតជាជើងខ្លាំង និងវាយបានល្អខ្លាំងណាស់ តែអ្នកទាំងពីថានៅតែខិតខំប្រឹងប្រែង ដើម្បីយកឈ្នះគូប្រកួតអោយបានបើទោះបីដៃគូរបស់ពួកគាត់ខ្លាំងយ៉ាងណាក៏ដោយ។
ឯលោក មាន សំអុល បានគូសបញ្ជាក់ថា ការឧបត្ថម្ភទឹកប្រាក់នេះ គឺជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែរ មុនគេដែលមិនដែលមានភេសជ្ជៈប៉ូវកម្លាំងណា ហ៊ានផ្ដល់ជូននៅឡើយ ហើយការផ្ដល់ជូននេះ គឺក្នុងការរួមចំណែកលើកកម្ពស់អភិវឌ្ឍវិស័យកីឡាប្រដាល់កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពិសេស គឺជំរុញឲ្យអ្នកប្រដាល់គុណខ្មែរដែល ចេញទៅប្រកួតនៅលើឆាកអន្តរជាតិខិតខំអស់ពីសមត្ថភាព ដើម្បីកសាងកិត្តិយសលើឆាកអន្តរជាតិ មកជូនជាតិមាតុភូមិរបស់ខ្លួន។
មិនតែប៉ុនណ្ណោះ គោជល់នឹងខិតខំបន្ថែមទៀត ក្នុងការស្វែងរកថវិកា ជួយជ្រោមជ្រែងកីឡាក៏ផ្សេងៗទៀត ជាពិសេសកីឡាករដែលជា ទំពាំងស្នងឬស្សីរបស់គុណខ្មែរ។ ហើយនេះមិនមែនជាលើកទីមួយទេ ដែលគោជល់ធ្វើការឧបត្ថម្ភ ដល់កីឡាគុណខ្មែរ ដែលចេញទៅប្រកួតនៅក្រៅប្រទេស ហើយយើងសូមជួនពរពួកគាត់ឲ្យបានជោគជ័យមកវិញ ៕