(កំពង់ចាម)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន២ករណី នៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ដោយមួយករណី ដួលទានវស្សាឆេះព្រះវិហារ វត្តស្រង៉ែ ស្រុកព្រៃឈរ បំផ្លាញសម្ភារអស់មួយចំនួន និងមួយករណីទៀត ឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆេះសាលាឃុំសូរគង ស្ថិតក្នុងស្រុកកងមាស។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ចំពោះករណីឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរនេះ បានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាច ដោយសារតែដុតទានវស្សាទុកចោល ដោយគ្មានអ្នកមើលខុសត្រូវ ស្រាប់តែដួលក៏បង្កជាគ្រោះអគ្គិភ័យតែម្ដង។
ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់បញ្ជាឲ្យលោកអធិការនគរបាលស្រុកព្រៃឈរ និងលោកអធិការនគរបាលស្រុកជើងព្រៃ ដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ ចុះជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា និងគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកចំនួន០២ស៊ឺទែន។ គ្រោះថ្នាក់សង្គមនេះ បានបំផ្លាញសម្ភារតុបតែង បាល័ង្កព្រះ, ខូចខាតផ្ទាំង គំនូរពិដាមួយចំនួន, ខូចខាតការូមួយចំនួន
និងសម្ភារមួយចំនួនទៀត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។
ដោយឡែកមួយករណីទៀត គឺឆេះសាលាឃុំសូរគង ស្ថិតក្នុងភូមិកោះង៉ោទី២ ឃុំសូរគង ស្រុកកងមាស ដោយសារតែឆ្លងចរន្ដអគ្គិសនី។ ក្រោយទទួលបានព័ត៌មាន លោកបានចាត់ឲ្យរថយន្តនគរបាលពន្លត់អគ្គីភ័យរបស់ស្រុកកងមាស ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែដោយអំណាចភ្លើងខ្លាំងពេក ភ្លើងក៏បានឆេះសាលាឃុំអស់ទាំងស្រុង ប៉ុន្តែមិនឆេះរាយដាលបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទេ។
ក្នុងនោះបណ្តាលខូចខាតសាលាឃុំទាំងស្រុង និងឆេះបញ្ជីគ្រួសារក៣របស់ប៉ុស្តិ៍សូរគងទាំងអស់ ដែលយកឲ្យលោកស្រីមេឃុំចុះហត្ថលេខា។
ទន្ទឹមនឹងគ្រោះថ្នាក់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល តាមរយៈអង្គភាពព័ត៌មាន Fresh News សូមធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ពិសេសរដូវនេះជារដូវភ្ជុំបិណ្ឌ ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដូចជាការអុជទាន ធូក ចរន្ដអគ្គិសនី នៅពេលធ្វើដំណើរចេញទៅណាមកណា ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។
បើតាមលោកឧត្ដមសេនីយ៍ស្នងការ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាអ្វីកើតឡើង ត្រូវតែទាក់ទងទៅកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីឲ្យចេញជួយអន្ដរាគមន៍ឲ្យបានទាន់ពេលវេលា៕