(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺមួយ អំពីលទ្ធផលកិច្ចប្រជុំស្តីពី សារពើពន្ធអេឡិចត្រូនិក (E-Tax) កាលពី៤ថ្ងៃមុន ដោយបញ្ជាក់ថា កិច្ចប្រជុំនេះពុំបានពិភាក្សាកំណត់ពេលវេលាប្រមូលពន្ធលើ ពាណិជ្ជកម្មតាមប្រពន្ធអេឡិចត្រូនិក ឬអនឡាញក្នុងស្រុកនោះទេ។ នេះបើតាមសេចក្តីបំភ្លឺរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ក្រសួងសេដ្ឋកិច្ច បានអះអាងបន្តថា កិច្ចប្រជុំបានពិភាក្សាលើទិដ្ឋភាពទូទៅ និងការរីកចម្រើនរបស់សេដ្ឋកិច្ចឌីជីថលក្នុងប្រទេស តំបន់ និងសាកលលោក ហើយកិច្ចប្រជុំបានផ្តោតសំខាន់លើការរៀបចំបរិស្ថាន ដើម្បីឱ្យទីផ្សារសេដ្ឋកិច្ចឌីជីថលកម្ពុជា មានការរីកចម្រើនលូតលាស់ តាមរយៈការគិតគូរបង្កើត និងរៀបចំក្របខណ្ឌគោលនយោបាយរួមគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍពាណិជ្ជកម្មតាមប្រពន្ធអេឡិចត្រូចនិកក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចបានអះអាងទៀតថា ក្នុងទិដ្ឋភាព E-Tax កិច្ចពិភាក្សាបានផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន (Cross-border e-commerce) ដែលក្រុមហ៊ុនផ្គត់ផ្គត់សេវាឌីជីថលស្ថិតនៅក្រៅប្រទេស និងដែលអាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការប្រកួតប្រជែងជាមួយពាណិជ្ចកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក ក្នុងគោលបំណងដើម្បីការពារ និងលើកស្ទួយពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់ក្រសួងសេដ្ឋកិច្ច៖