(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខា ស្តីពីការវះកាត់ប្រកបដោយសុវត្តិភាពឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ការចុះហត្ថលេខានេះ ភាគីកម្ពុជាតំណាងដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុន GE Global Growth ដើម្បីបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព។
ការចុះហត្ថលេខានេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីលថុន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ តំណាងក្រុមហ៊ុន GE Global Growth។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។
សម្តេចតេជោ និងតំណាងក្រុមហ៊ុន GE Global Growth បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការគាំពារសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា៕