(ភ្នំពេញ)៖ ក្នុងឋានៈកម្ពុជា ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គនៃកិច្ចពិភាក្សាទូទៅ នៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ការទទួលបានឱកាសដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចពិភាក្សាទូទៅនេះ គឺជាឱកាសប្រកបដោយមោទន:ភាព និងកិត្យានុភាព ដែលប្រមុខការបរទេសកម្ពុជា បាននាំកិត្តិនាមរបស់ប្រទេសកម្ពុជា ទៅបង្ហាញនៅក្នុងអង្គការពិភពលោកនេះ។
សូមបញ្ជាក់ថា កម្ពុជាបានដើរតួនាទីជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិចំនួនពីរលើកហើយ។ លើកទី១ នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ២០០១-២០០២ និងលើកទី២ នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ អាណត្តិឆ្នាំ២០១៨-២០១៩។
តាមរយៈតួនាទីនេះ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើររបស់ប្រធាន៕