(ញូវយ៉ក, អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសមហាអំណាចមួយចំនួនកំពុងនឹងយក «បញ្ហាសិទ្ធិមនុស្ស» ធ្វើជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់ពួកគេក្នុងការជ្រៀតជ្រែកលើការងារផ្ទៃក្នុងរបស់ប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានថ្លែងក្នុងកិច្ចប្រជុំទូទៅ នៃមហាសន្និបាតអង្គការប្រជាជាតិលើកទី៧៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិនាវេលាម៉ោងជាង១រំលងអាធ្រាត្រថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោងជិត២រសៀលថ្ងៃទី២៨ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
បញ្ហាសិទ្ធិមនុស្ស និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យត្រូវបានគេមើលឃើញជាបញ្ហាដ៏ពេញនិយមរបស់ប្រទេសលោកសេរី រួមទាំងអាមេរិកផង តែងតែយកធ្វើជាលេស ដើម្បីធ្វើជាទណ្ឌកម្ម ឬឈានដល់ផ្តួលរំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួនថែមទៀតផង។ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចគ្នាផងដែរ បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ ក្លាយទៅជាចំណោទបញ្ហាមួយ ដែលអាមេរិក និងលោកសេរីមួយចំនួនទៀតយកធ្វើបញ្ហាវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។
ពីក្នុងទីស្នាក់ការអង្គការសហប្រជាជាតិស្ថិតលើទឹកដីអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះ បានក្លាយទៅជា «បេសកកម្មដើម្បីបំពាក់អរិយធម៌» សម្រាប់ប្រទេសមានអំណាចមួយចំនួន ឬ ក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មីដែលគេយកធ្វើជាលេសសម្រាប់លូកដៃជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសដទៃ។
សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «ការដាក់ទណ្ឌកម្មជាឯកតោភាគីបានក្លាយទៅជាអាវុធដ៏ពេញនិយមនៃប្រទេសមហាអំណាចនៅក្នុងការគ្រប់គ្រងនយោបាយអន្តរជាតិ ដែលស្ថិតនៅក្រោមរបៀបវារៈភូមិសាស្ត្រនយោបាយ។ ទាំងនេះ គឺគ្មានអ្វីក្រៅពីការប្រើអំណាចដោយកម្រោលរបស់រដ្ឋមួយ ដើម្បីបន្តុបឆន្ទៈរបស់ខ្លួនទៅលើរដ្ឋអធិបតេយ្យដទៃនោះឡើយ»។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សម័យកាលចក្រពត្តិនិយម និងអាណានិគមនិយមសម្រាប់ពិភពលោក វាបានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទៅហើយ។ ដូច្នេះប្រទេសធំៗ មិនគួរដាក់បន្តុបប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ពួកគេមកលើប្រទេសនានា ដែលតូចជាងខ្លួននោះឡើយ ព្រោះប្រទេសតូចៗទាំងនេះ ក៏មានអធិបតេយ្យភាព និងមានសេចក្តីប្រាថ្នាស្របច្បាប់ក្នុងការរក្សានូវអត្តសញ្ញាណរបស់ខ្លួន។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា សម័យកាលបច្ចុប្បន្ននេះ ជាសម័យកាលដែលប្រទេសទាំងអស់នៅលើពិភពលោកពឹងផ្អែកគ្នាទៅវិញទៅមក ហើយផ្នត់គំនិតចាប់បង្ខំដ៏ចាស់គំរិលនោះ គួរតែត្រូវបានបានបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសតូច ប្រទេសធំ ត្រូវតែរួមគ្នាគោរព និងលើកតម្កើងវិធាននៃច្បាប់អន្តរចាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចែងពីការគោរពគ្នា និងមិនជ្រៀតជ្រែកគ្នានោះ៕