(ញូវយ៉ក, អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់អង្គការសហប្រជាជាតិថា ព្រោះតែមហិច្ឆតាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា មជ្ឈដ្ឋានខាងក្រៅបន្តធ្វើជាមើលមិនឃើញនូវគុណភាព និងសុច្ចរិតភាពនៃការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ បានប្រាប់ទៅវេទិកាអន្តរជាតិមួយនេះថា ការព្យាយាមមិនទទួលស្គាល់លើការបោះឆ្នោតនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរលើឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលេចបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការប្រជាជាតិលើកទី៧៣ នៅក្នុងទីស្នាក់ការអង្គការសហប្រជាជាតិនាវេលាម៉ោងជាង១រំលងអាធ្រាត្រថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោងជិត២រសៀលថ្ងៃទី២៨ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នៅចំពោះមុខមន្រ្តីអង្គការសហប្រជាជាតិ និងមេដឹកនាំបណ្តាប្រទេសនានាដែលបានចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ធ្វើឡើងការពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅប្រកបដោយភាពល្អប្រសើរ។
សម្តេចតេជោ បានថ្លែងថា ការបោះឆ្នោតកន្លងទៅមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតជិត ៧លាននាក់ ឬស្មើនឹង ៨៣,០២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រជាព លរដ្ឋកម្ពុជា បានចេញទៅបោះឆ្នោត និងបានសម្រេចយកនូវជម្រើសនយោបាយរបស់ពួកគេដោយសេរី និងដោយគ្មានការបង្ខិតបង្ខំ ឬ ការគំរាមកំហែង ឬអំពើហិង្សាណាមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា គណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលជាការបង្ហាញយ៉ាងច្បាស់នូវភាពជាតំណាងស្របច្បាប់នៃនយោយបាយពហុនិយម និងឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ បានបរិយាយថា ជាដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាពនៅកម្ពុជា និងជាការបោះឆ្នោតមានលក្ខណៈសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបាន។
«តាមរយៈសន្លឹកឆ្នោតរបស់ពួកគេ ប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីទៀត នូវបំណងប្រាថ្នាចង់បាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាប់មិនដាច់។ ជាការពិតជម្រើសដោយសេរីរបស់ប្រជាជនកម្ពុជា និងលទ្ធផលប្រកបដោយធម្មានុរូបនៃការបោះឆ្នោតនេះ មិនមែនជាប្រធានបទដែលត្រូវចោទសួរ ឬពិភាក្សាដេញដោលនោះទេ»។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា បើទោះបីការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងស្ថានភាពល្អប្រសើរយ៉ាងណាក្តី តែក៏នៅតែមានមជ្ឈដ្ឋានអន្តរជាតិមួយចំនួនដែលប៉ុនប៉ងជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់កម្ពុជា នៅតែធ្វើជាមើលមិនឃើញនូវភាពល្អប្រសើរនៃការបោះឆ្នោតនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «មជ្ឈដ្ឋានខាងក្រៅមួយចំនួន ដែលចិញ្ចឹមជាប់នូវមហិច្ឆតាប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅតែធ្វើជាមើលមិនឃើញនូវគុណភាព និងសុចរិតភាពនៃដំណើរការបោះឆ្នោតរបស់យើងតាមរយៈការចេញសេចក្តីថ្លែងការណ៍នានា ប្រឆាំងនឹង ឬ វាយប្រហារលើលទ្ធផលបោះឆ្នោតនេះ ដែលទង្វើនេះ គឺជាការប្រមាថធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ប្រជាជនកម្ពុជា»៕