(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញ និងលើកទឹកចិត្ដដល់និស្សិតវេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ទទួលបានអាហារូបករណ៍ ទៅបន្ដការសិក្សានៅសាធារណៈរដ្ឋបារាំង ក្នុងឆ្នាំ២០១៨នេះ ត្រូវប្រឹងប្រែងក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីបារាំង យកមកចូលរួមចំណែកក្នុងការអភិឌ្ឍន៍វិស័យសុខាភិបាលនៅមាតុប្រទេស។
លោកសាស្ដ្រាចារ្យ ថ្លែងក្រើនរំលឹកបែបនេះក្នុងពិធីសំណេះសំណាលជាមួយនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងទៀតថា ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនំាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្ដិភាព និងការអភិវឌ្ឍន៍ ដែលជាឱកាសមួយសម្រាប់កូនចៅរបស់ប្រជាពលរដ្ឋទទួលបានការអប់រំយ៉ាងពេញលេញ។ ក្នុងនោះផ្តើមចេញពីទំនាក់ទំនងល្អ និងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលផងដែរ ក្នុងការស្វែងរកអាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសបារាំងនេះ។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀនប៊ីញ បានថ្លែងថា ប្រទេសបារាំងបាននឹងកំពុងផ្តល់ការគាំទ្រ ដល់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិត។ បេសកកម្មរបស់អ្នកជំនាញការបារាំង នឹងជួយដល់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិ និងផ្តល់អ្នកជំនាញការបច្ចេកទេស អ្នកស្ម័គ្រចិត្តអន្តរជាតិ មកជួយដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោកស្រីថា នៅពេលនិស្សិតអាហារូបករណ៍ទាំងនេះបញ្ចប់ការសិក្សាត្រឡប់មកកម្ពុជាវិញ នឹងក្លាយជាសមាជិកសមាគមអតីតនិស្សិត ដែលបានបន្តការសិក្សានៅប្រទេសបារាំង។ បន្ថែមពីនោះ ស្ថានទូតបារាំងនឹងគាំទ្រដល់ការដាក់ឱ្យដំណើរការ Espace France នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទៀតផង។
ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរដល់និស្សិតជយលាភីទាំងអស់ ដែលត្រូវបានជ្រើសរើស ពីព្រោះការសិក្សាផ្នែកវេជ្ជសាស្រ្ត គឺប្រើភាសាបារាំងសុទ្ធ។ លើសពីនោះ និស្សិតទាំង៤៨រូបនេះ ត្រូវបានជ្រើសរើស ក្នុងចំណោមនិស្សិតសរុប៦៩០នាក់ នៅលើពិភពលោក ឲ្យទៅបន្តការសិក្សានៅប្រទេសបារាំងនាឆ្នាំនេះផងដែរ ដែលបង្ហាញឲ្យឃើញ ពីសមត្ថភាពរបស់និស្សិតកម្ពុជា។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលបាននឹងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល។ ពិសេស ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោក ម៉ម ប៊ុនហេង ក៏បានរំលឹកដល់និស្សិតទៅសិក្សានៅបារាំង ត្រូវចេះផ្សព្វផ្សាយ អំពីវប្បធម៌ នយោបាយ ការវិវឌ្ឍន៍វិស័យសុខាភិបាលរបស់កម្ពុជាដល់បណ្ដាប្រទេសដែលនៅទីនោះ។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសម្តែងនូវគារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះភាគីបារំាង និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងស្ថានទូតបារាំងប្រចាំកម្ពុជា រួមទាំងដៃគូអភិវឌ្ឍនានា។ ពិសេសលោកសាស្រ្តាចារ្យ Claude Dumergier និងលោកសាស្រ្តាចារ្យ Jacques Baulieux ដែលបានជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
សូមជម្រាបថា ក្នុងឆ្នាំ២០១៨នេះ និស្សិតស.វ.ស ចំនួន ៤៥ នាក់ (ស្រី ១៨ នាក់) បានទទួលអាហារូបករណ៍បន្តការសិក្សាលើឯកទេសចំនួន ២០ផ្សេងៗគ្នា នៅប្រទេសបារាំង (៣៨ នាក់ ក្នុងកម្មវិធី DFMS -Diplôme de Formation Médicale Spécialisée និង០៧នាក់ ក្នុងកម្មវិធី DFMSA-Diplôme de Formation Médicale Spécialisée Approfondie) និងអតីតនិស្សិតស.វ.ស ចំនួន ០៣នាក់ (ស្រី ០០ នាក់) ធ្វើកម្មសិក្សា (Stagiaires associés) នៅប្រទេសបារាំងផងដែរ ៕