(ញូវយ៉ក, អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលទៅដល់ទីស្នាក់ការអង្គការសហប្រជាជាតិហើយនៅវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា ត្រូវនឹងម៉ោងជាង១០ថ្ងៃ ម៉ោងនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក។
ជាមួយការអញ្ជើញដល់ក្នុងទីស្នាក់ការអង្គការសហប្រជាជាតិនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូក៏បានអញ្ជើញទៅអង្គុយនៅលើកៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិ។ នៅលើទំព័រ Facebook សម្តេចបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលកំពុងអង្គុយនៅក្នុងអង្គការសហប្រជាជាតិ ជាមួយនឹងការបង្ហោះសារជូនជនរួមជាតិមួយចំនួនផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា «ជូនបងប្អូនជនរួមជាតិពេលនេះ ខ្ញុំកំពុងអង្គុយនៅលើកៅអីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះខ្ញុំនឹងឡើងថ្លែងសុន្ទរកថានិងពេលល្ងាចខ្ញុំ និងជួបអគ្គលេខាអង្គការសហប្រជាជាតិ»។
ក្នុងសារនេះសម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឌឺដងផ្លែផ្កាទៅទណ្ឌិត សម រង្ស៊ី ដែលតែងតែភូតភរសាធារណៈមតិ ដោយលើកឡើងថា សម្តេចនឹងមិនត្រូវអង្គការសហប្រជាជាតិមិនឲ្យចូលប្រជុំ ឬ អាសនៈរបស់កម្ពុជាត្រូវបានព្យួរជាដើមនោះ។
សម្តេចតេជោ បានលើកឡើងថា «ពាក្យខ្មែរថាដេញទាន់កុំជាន់កែង ប៉ុន្តែពួកបោកប្រាស់នៅកម្ពុជាពិសេសទណ្ឌិតរត់ចោលគុក បើមិនជាន់កែងមិនរាងចាលទេ។ ឯការទៅអាមេរិកមិនអោយជាន់ដី? ឯណាទៅដែលអសនៈនៅអង្គការសហប្រជាជាតិត្រូវបានព្យូរ? ឯណាទៅដែលគេមិនអោយប្រតិភូលោកហ៊ុន សែនចូលរួមប្រជុំ?»។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទណ្ឌិត សម រង្ស៊ី ដែលពូកែភូតភរ និងបោកប្រាស់គេនោះ គួរទៅរៀនថែមទៀត ហើយអ្នកដែលពូកែជឿអ្នកបោក ក៏គួរមានការខ្មាសអៀនផងដែរ៕