(សៀមរាប)៖ ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់មន្ត្រីយ៉ាងដូច្នេះថា មន្ត្រីរាជការត្រូវតបស្នងបម្រើរាស្ត្រឲ្យបានល្អប្រសើរទ្វេដង ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។
ពិធីសំណេះសំណាលនេះ ក៏មានវត្តមានរបស់ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និងសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងប្រតិភូអមដំណើរ សរុបប្រមាណ ២០០នាក់។
លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រីរាជការ ត្រូវតបស្នងបម្រើរាស្ត្រឲ្យបានល្អប្រសើរទ្វេដង ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ «គឺយើងជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ»។
បន្ទាប់ពីសេចក្ដីរាយការណ៍របស់ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងមតិស្វាគមន៍របស់លោក ទៀ សីហា រួចមក លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា លោកសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយជោគជ័យ ពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
លោកបន្តទៀតថា ក្រសួង-មន្ទីរសាធារណការ មានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ និងពិសេសការតភ្ជាប់ជាមួយប្រជាពលរដ្ឋ និយាយឲ្យចំទៅគឺប្រជាពលរដ្ឋចេញពីផ្ទះ គឺដល់ផ្លូវ-ថ្នល់ហើយ ដូច្នេះទំនាក់ទំនងមន្ត្រីរាជការ និងប្រជាពលរដ្ឋ គឺជិតស្និទ្ធគ្នាណាស់ ដូច្នេះមន្ត្រីត្រូវផ្ដល់សេវា និងបម្រើពួកគាត់ឲ្យបានល្អប្រសើរ ប្រកបដោយឆន្ទៈខ្ពស់។
លោកបញ្ជាក់ថា មន្ត្រីពាក់ឯកសណ្ឋាននេះគឺឯកសណ្ឋានជាអ្នកបម្រើរាស្ត្រ សម្ដេចមានប្រសាសន៍ហើយថា «ក្នុងអាណត្តិទី៦នេះ គឺយើងត្រូវបម្រើរាស្ត្រឲ្យបានទ្វេដង ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតទុកចិត្ត មកលើរាជរដ្ឋាភិបាល ដូច្នេះយើងត្រូវតែតបស្នងសងគុណដល់ប្រជាពលរដ្ឋវិញ តាមរយៈធ្វើអំពើល្អ ផ្ដល់សេវាសាធារណៈឲ្យបានល្អ ពិសេសរាល់សេវាដែលចាំបាច់ គឺយើងត្រូវតែធ្វើជូនគាត់ ដូចជាការផ្ដល់ប័ណ្ណបើកបរ ការប្ដូរកម្មសិទ្ធិ ការចុះបញ្ជីរយានយន្ដ និងសេវាផ្សេងៗ គឺត្រូវតែរិះរកគ្រប់នីតិវិធីបម្រើឲ្យបានលឿន និងឆាប់រហ័សបំផុត ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់»៕