(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាឲ្យមានការចាត់វិធានការ លើម្ចាស់ការដ្ឋានណា ដែលដាក់សម្ភារៈសំណង់លើលូ ឬដាក់ចូលលូ ធ្វើឲ្យលូបង្ហូរទឹកស្ទះ។
ការបញ្ជារបស់លោក ឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌចំការមន ព្រមទាំងចែកបណ្ណសរសើរ និងថវិកាផ្តល់ដោយក្រុមប្រឹក្សាប្រឡងប្រណាំង អនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ជូនដល់សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ដែលមានស្នាដៃក្នុងការបំពេញការងារ។
លោកឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើលូបង្ហូរទឹក មិនមែនធ្វើលូបង្ហូរខ្សាច់របស់ការដ្ឋានសំណង់ គ្រប់ប្រភេទនោះទេ ដូច្នេះសូមមន្ទីរជំនាញ ការិយាល័យសុរិយោដី ចុះពិនិត្យ និងចាត់វិធានការចំពោះម្ចាស់ការដ្ឋានសំណង់ណាដែ ដាក់ដី ដាក់សម្ភារៈកាកសំណល់នៃសំណង់លើលូ ដាក់ចូលលូ ធ្វើឲ្យទឹកហូរនាំដី នាំខ្សាច់ទៅចូលក្នុងប្រព័ន្ឋលូ ជាហេតុនាំឲ្យស្ទះលូ»។
លោកបន្តថា «ការិយាល័យជំនាញ មិនមែនចេញលិខិតឲ្យសាងសង់ ហើយរួចខ្លួនចំពោះករណីនេះទេ សូមនាំគ្នាចុះពិនិត្យជាប្រចាំ ទៅលើកការដ្ឋានសំណង់ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌ»។
ពាក់ព័ន្ឋនឹងការអនុវត្តច្បាបចរាចរណ៍ លោកស្នើនគរបាលចរាចរណ៍ ត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍ ព្រោះនគរបាលជាអ្នកអនុវត្តច្បាបចរាចរណ៍ ហើយសូមកុំអាងតែលើខាងសាធារណការ។ លោកថា ពេលឃើញស្លាកសញ្ញាចរារណ៍ ត្រូវដួលរលំដោយប្រការណាមួយ ត្រូវរាយការណ៍មកការិយាល័យជំនាញ ឲ្យធ្វើការដោះដូរ ដើម្បីឲ្យអ្នកដំណើរបានយល់ដឹង ក្នុងការបញ្ចៀសចរាចរណ៍។
នៅក្នុងខណ្ឌចំការមន មានផ្លូវធំៗច្រើននោះ លោកឃួង ស្រេង បានកោតសរសើរចំពោះរដ្ឋបាលខណ្ឌចំការមន រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសំខាន់ជាច្រើន។ លោកបន្តថា ទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌចំការមនក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់ មិនទាន់រៀបចំបានល្អប្រសើរនៅឡើយ ប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានា ក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យមានការបង្ការទប់ស្កាត់បទល្មើស ប្លន់គ្រប់ប្រភេទ រួមទាំងបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ព្រោះសន្តិសុខនេះជាតម្រូវការចាំបាច់ និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ៕