(កំពង់ឆ្នាំង)៖ នៅថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា មន្ត្រីថ្នាក់ដឹកនាំ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២៥២គ្រួសារ មកពីឃុំចំនួន៤ គឺឃុំកោះថ្កូវ ៦៥គ្រួសារ, ឃុំជលសារ ៧២គ្រួសារ, ឃុំព្រៃ៤២គ្រួសារ និងឃុំពាមឆ្កោក៧៣គ្រួសារ នៃស្រុកជលគិរី ខេត្ដកំពង់ឆ្នាំង។
ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ សម្តេចចៅហ្វាវាំង បានពាំនាំព្រះរាជបណ្តាំរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិក្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើដល់ពួកគាត់ សូមថែទាំសុខភាពឱ្យបានល្អជាប្រចាំថ្ងៃ ដោយបរិភោគទឹកស្អាត ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗឱ្យបានល្អកុំឲ្យលង់ទឹក ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ ជាពិសេសមុនឡើងលើផ្ទះ និងមុនពេលចូលដំណេក។
ពេលទឹកស្រកទៅវិញ សុំបងប្អូនសម្អាតបរិស្ថានឲ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ដើម្បីជៀសវាងការកើតជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត និងនាំគ្នាឆាប់បង្កបង្កើនផល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។ រាល់ពេលមានបញ្ហាសុខភាព សូមបងប្អូនប្រញាប់ទៅរកពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវឲ្យបានឆាប់រហ័ស។
ប្រជាពលរដ្ឋទាំងអស់ដែលមកចូលរួមក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ដោយមានការយកចិត្តទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សម្រាប់អំណោយ ដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, ភួយ១, សារុង១, ក្រមា១, ពីដុងទឹកចំណុះ២០លីត្រចំនួន១ និងថវិកាមួយចំនួន ។
គួររម្លឹកថា ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តចំនួន១៧ ជាច្រើនម៉ឺនគ្រួសារយ៉ាងទាន់ពេលវេលា ៕