(កំពង់ធំ)៖ នៅល្ងាចថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី សង្កាត់-ភូមិ និងប្រជាពលរដ្ឋ អញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំអំណោយមួយចំនួនជូនលោកយាយ សុត ញ៉េប ដែលកំពុងជួបការលំបាកនៅក្នុងជីវិត។
អំណោយដែលនាំជូនលោកយាយ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវិតនេះ រួមមាន៖ អង្ករ ៥០គីឡូក្រាម, មីយើង ២កេស, ទឹកត្រីទឹកស៊ីអ៉ីវ ០២យួរ និងថវិកាចំនួន ១៥០,០០០រៀល។
លោកយាយកម្សត់ និងកូនប្រុស បានទទូចដល់សប្បរសជនផ្តល់ដីមួយកន្លែងតូចសមរម្យ និងជម្រកស្នាក់នៅតូចល្មមសម្រាប់ជីវិត ព្រោះគាត់មិនដែលបានស្គាល់ទាល់តែសោះនូវជម្រកសមរម្យសម្រាប់ស្នាក់នៅ។
សូមបញ្ជាក់ថា លោកយាយ សុត ញ៉េប អាយុ ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយដោយស្វាមីទទួលមរណភាពចោលជាង ១០ឆ្នាំហើយ។ មួយជីវិតគ្រួសារលោកយាយគ្មានដីគ្មានផ្ទះសំរាប់ស្នាក់នៅជាកម្មសិទ្ធិទេតាំងពីប្តីគាត់រស់នៅមកម្ល៉េះ ដោយគាត់ត្រូវសង់ជម្រកស្នាក់នៅលើដីចំណីថ្នល់ ក្រោយមកមានការអភិវឌ្ឍផ្លូវកៅស៊ូធំនៅតំបន់នេះ លោកយាយ និងក្រុមគ្រួសារបានបន្តជួលខ្ទមគេស្នាក់នៅរហូតដល់មិនមានប្រាក់សំរាប់បង់ថ្លៃឈ្នួលឲ្យម្ចាស់ផ្ទះគេបាន លោកយាយមេម៉ាយ និងកូនបានខិតខំរកឈើ និងសម្ភារៈសាងសង់ខ្ទមតូចមួយ ដែលបច្ចុប្បន្នត្រូវធ្លុះធ្លាយបែកបាក់គ្មានលទ្ធភាពជួសជុល។
បច្ចុប្បន្នលោកយាយរស់នៅជាមួយកូនបង្កើត និងកូនប្រសារពីរនាក់ និងចៅស្រីម្នាក់។ កូនប្រុសបង្កើតប្រកបរបរធ្វើជាកម្មករសំណង់ កូនប្រសារស្រីប្រកបមុខរបរធ្វើនំបន្តិចបន្តួចទូលដើរលក់គ្រាន់បានប្រាក់ទិញអង្ករហូប។ រីឯកូនគាត់ចំនួន០៤នាក់ទៀតមិនដឹងជាទៅរស់នៅទីណាទេ។ គ្រួសារកម្សត់នេះ បច្ចុប្បន្នរស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕