Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត បញ្ជាឲ្យចាត់ការ និងវែកមុខអ្នកនៅពីក្រោយការរំលោភដីរបស់រដ្ឋ

28-09-2018 19:56

(កំពត)៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានបញ្ជាទៅដល់មន្ត្រីនៅតាមមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរតាមមូលដ្ឋាន ត្រូវចាត់វិធានការ និងវែកមុខជនដែលស្ថិតនៅពីក្រោយការរំលោភយកដីរបស់រដ្ឋ។

បទបញ្ជានេះបានធ្វើឡើងក្នុងពេលលោកអភិបាល ដឹកនាំបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះមានការរួមពីសំណាក់ថ្នាក់ដឹកនាំមកពីស្ថាប័ន អង្គភាពពាក់ព័ន្ធនានា អាជ្ញាធរ ក្រុង ស្រុក ចៅសង្កាត់មួយចំនួន នៅឯសាលាខេត្តកំពត។

លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវតែមានចំណាត់ការ និងវែកមុខអ្នកនៅពីក្រោយឱ្យឃើញ នៃការរំលោភទន្ទ្រានដីសាធារណៈ របស់រដ្ឋធ្វើជាសម្បត្តិរបស់ខ្លួន ដូចជា មាត់ព្រែក បឹងបួ ប្រឡាយ ដីព្រៃជាដើម ដោយត្រូវតែជូនដំណឹង ឬធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើបុគ្គលនោះ នៅតែរឹងរូសត្រូវតែអនុវត្តន៍តាមផ្លូវច្បាប់។

លោក ជាវ តាយ បានបន្តថា «រដ្ឋបាលខេត្តដាច់ខាតត្រូវតែធ្វើបែបនេះ ព្រោះបច្ចុប្បន្នអ្នកគោរពច្បាប់ នៅតែគោរព ឯអ្នកបំពាន នៅតែបំពានដដែល ហើយសព្វថ្ងៃនេះ បញ្ហាពាក់ព័ន្ធលើការរំលោភបំពានដីធ្លីនោះ មានអ្នកបំពានច្បាប់ច្រើនជាងអ្នកគោរពច្បាប់»

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់មន្ត្រីរាជការទាំងអស់សហការធ្វើកិច្ចការទាំងអស់គ្នា ហើយត្រូវស្វែងយល់ថា តើអ្នកគោរពច្បាប់ រវាងអ្នកបំពានច្បាប់ អ្នកណាមួយជាអ្នកត្រូវ។

លោកបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុក មានអំណាចគ្រប់គ្រាន់ក្នុងការប្រើសិទ្ធិក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ហើយធ្វើបាន ឬធ្វើមិនបានស្ថិតលើមនសិការរបស់ខ្លួន។ «ចឹងបើយើងគិតថាអ្វីដែលខុស អ្វីដែលត្រូវនោះ គឺអាចធ្វើទៅបានហើយ ព្រោះរដ្ឋបាលខេត្តពុំមានពេលវេលាណាចុះទៅអនុវត្តផ្ទាល់ជាមួយក្រុង ស្រុកនោះទេ ប៉ុន្តែរដ្ឋបាលខេត្តគ្រាន់តែមានកាតព្វកិច្ចពិនិត្យមើលថា តើរដ្ឋបាលក្រុង ស្រុក អនុវត្តមានប្រសិទ្ធភាពដែរឬអត់»