(កំពត)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៨ បានជួបពិភាក្សាការងារជាមួយនឹង អាជ្ញាធរខេត្តកំពត ដឹកនាំដោយលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីឈ្វេងយល់អំពី វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច វឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្ត នៅមូលដ្ឋានតាមប្រព័ន្ធអភិបាលកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តកំពត។
ក្នុងឱកាសនោះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត បានប្រាប់ដល់គណៈប្រតិភូថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើ ពុករលួយ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរខេត្តកំពតបានខិតខំពង្រឹងការអនុវត្ត ទៅតាមបែបបទនីតិវិធីដែលមានចែងស្រាប់ ក្នុងការអនុវត្តគម្រោង ថ្នាក់ខេត្ត គោលការណ៍ណែនាំស្តីពី ការរៀបចំគម្រោងខេត្ត ក្រុង ស្រុក គោលការណ៍ណែនាំស្តីពីការរៀបចំគម្រោងក្រុង ស្រុក និងឃុំ សង្កាត់ និងគោល ការណ៍ណែនាំស្តីពីការរៀបចំ និងអនុវត្តគម្រោងឃុំ សង្កាត់។
ដោយឡែក សម្រាប់ឃុំសង្កាត់ ក្រសួងមហាផ្ទៃបានចុះអនុសារណៈយោគយល់គ្នាជាមួយនឹង អង្គភាពប្រឆាំងអំពើពុករលួយក្នុងការអនុវត្តមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ ទាំងនេះបានបញ្ជាក់ឱ្យឃើញថា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានខិតខំរួមចំណែកក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាឆន្ទៈរបស់រាជរដ្ឋាភិបាល ដើម្បីការផ្តល់សេវាជូនសាធារណៈជនឱ្យមានតម្លាភាព សុចរិតភាព ឆ្លើយតបទាន់ពេលវេលា ការរួមចំណែកជាតំណាង ការទប់ស្កាត់ភាពអសកម្ម និងអំពើពុករលួយ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញនូវតួនាទី និងភារកិច្ចយ៉ាងល្អប្រសើរ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងបានលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការអនុវត្ត ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅមូលដ្ឋាន។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ទន្ទឹមនឹងមានការរីកចម្រើនគួរជាទីមោទនៈ សូមធ្វើការប្រុងប្រយ័ត្ន ចំពោះអំពើពុករលួយ ។ អំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយដែលធ្វើ ឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាល នោះប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលថ្មីៗទាំងឡាយនឹងពុំមានគុណភាព និងគណនេយ្យភាព ។ ដូច្នេះ ដើម្បីព្យាលជំងឺពុករលួយ គឺផ្តើមចេញពីយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់វិស័យត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ បង្ការ ទប់ស្កាត់មិនអាចឱ្យមានអំពើពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសនានាកើតចេញពីការពុករលួយ។
ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានជម្រាបជូនអំពី តួនាទី ភារកិច្ច និងមុខងារស្នូលរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាប្រជុំសាមញ្ញ ២ដង ក្នុង ១ឆ្នាំ ។ សម័យប្រជុំនីមួយៗ មានរយៈពេល ៣ខែ។ នៅក្នុងខណៈនោះ ព្រឹទ្ធសភាស្ថិតក្នុងចន្លោះសម័យប្រជុំ គឺជាពេលដែលគណៈកម្មការទាំង១០ព្រឹទ្ធសភា ត្រូវបំពេញមុខងារសំខាន់ៗរបស់ខ្លួន គឺមុខងារតាមដានការអនុវត្តច្បាប់ និងមុខងារព័ត៌មាន។
ជាក់ស្តែង គណៈប្រតិភូចុះមកជួបថ្នាក់នាំខេត្តនាពេលនេះ គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានស្តីពី វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច វឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលខេត្តជួបនាពេលកន្លងមក។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចនៅរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីង និងជួបសំណេះសំណាលជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ នៅទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាមព្រែកចាក៕