(ភ្នំពេញ)៖ លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតមកពីប្រទេសជប៉ុន (JAC) បានថ្លែងថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីជួបជុំអតីតនិស្សិតទូទាំងអាស៊ាន ដែលបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ឬហៅដោយសាមញ្ញថា អាស៊ាន+ជប៉ុន រយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប។
ការថ្លែងរបស់លោក វុទ្ធី មុនីរ័ត្ន បានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលសមាគមរបស់លោក រៀបចំសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមប្រធានបទ «ការរឹតចំណងមេត្រីភាពរវាងក្រុមប្រឹក្សាអតីតនិស្សិត អាស៊ានមកពីប្រទេសជប៉ុន តាមរយៈវិស័យទេសចរណ៍»។
លោក វុទ្ធី មុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន ឬហៅជាភាសាអង់គ្លេសថា Asean Council of Japan Alumni 24th Conference (ASCOJA)នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅបុរីអង្គរីសត ខេត្តសៀមរាប។ សមាគមអតីតនិស្សិត ដែលបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន នៃបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ តែងតែប្រារព្ធពិធីនេះ»។
ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនរូបនេះ បានបញ្ជាក់បន្ថែមថា «ចាប់តាំងពី ASCOJA ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៧មក នេះជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកម្មវិធីលំដាប់អន្តរជាតិមួយនេះ។ ខ្ញុំជឿថា ប្រទេសជាច្រើន នឹងស្គាល់ពីប្រទេសកម្ពុជា កាន់តែច្បាស់ជាងមុនមិនខានឡើយ»។
បើតាមលោក វុទ្ធី មុនីរ័ត្ន សន្និសីទ ASCOJA លើកទី២៤នេះ នឹងមានការចូលរួមពីអតីតនិស្សិត បញ្ចប់ការសិក្សានៅតាមសាកល វិទ្យាល័យនានាក្នុងប្រទេសជប៉ុន ចំនួនប្រមាណ៣០០នាក់ មកពីបណ្តាប្រទេស ដែលជាសមាជិកអាស៊ាន។ ដោយបច្ចុប្បន្ន ពួកគេកំពុងបម្រើការងារ ក្នុងជួររាជរដ្ឋាភិបាល និងវិស័យឯកជននានា នៃប្រទេសកំណើតខ្លួន។
លោកប្រធានសមាគម បានបន្តថា ការរៀបចំកម្មវិធី ASCOJA នេះឡើង ក៏មានគោលបំណងដើម្បីឲ្យវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា មានភាពល្បីល្បាញកាន់តែខ្លាំងឡើងថែមទៀត។ លោកថា ដើម្បីឲ្យកម្មវិធីនេះ ផ្សព្វផ្សាយបានទូលំទូលាយ លោកសូមអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរាយការណ៍និងយកព័ត៌មាន ក្នុងសន្និសីទខាងលើនេះ ដោយក្តីសោមនស្សបំផុត៕