(កំពង់ធំ)៖ ក្រោយពីបានទទួលដំណឹងពីគ្រួសារលោកយាយ គឹម វ៉ាត ដែលរស់នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានជីវភាពក្រីក្រនិងជួបការលំបាកនោះ ថ្នាក់ដឹកនាំខេត្តកំពង់ធំដឹកនាំដោយលោក យ៉ូវ សេងគុណ តំណាងឲ្យ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយមួយចំនួនជូនគ្រួសារលោកយាយ។
អំណោយនេះ ដើម្បីដោះស្រាយទីទ័លក្រក៏ដូចជាសម្រួលជីវភាពមួយកម្រិតក្នុងការរស់នៅដែលជាការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ។ អំណោយដែលនាំទៅជូននាពេលនោះរួមមាន៖ អង្ករ មី ត្រីខ សម្ភារៈមួយចំនួនទៀតព្រមទាំងថវិកាមួយចំនួន។
គ្រួសារលោកយាយ គឹម វ៉ាត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក៏ដូចជាសប្បុរសជន ដែលបានជួយគ្រួសារលោកយាយក្នុងការឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងថវិកា។ ជាចុងក្រោយគ្រួសារលោកយាយ បានជូនពរដល់សប្បុរសជន និងថ្នាក់ដឹកនាំជួបតែសំណាងល្អទទួលជោគជ័យគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងមានអាយុយឺនយូរ៕