(ប៉ៃលិន)៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋក្រីក្រជាង ២,០០០នាក់ បានអញ្ជើញចូលរួមកម្មវិធីអាហាសាមគ្គី និងទទួលអំណោយជាថវិកាពីមូលនីធិ «ដើម្បីជនពិការថៃ+ចិន Can You» សហការជាមួយក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរ «មិនសូវុធខេមរា (KS)» ក្នុងឱកាសបុណ្យកាន់បិណ្ឌវេណទី៤ ស្ថិតនៅក្នុងបរិវេណវត្តសារវ៉ាន់ក្រោម ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ពិធីចែកអំណោយសប្បុរសធម៌នេះ ដឹកនាំដោយលោក មិន សូវុធ ប្រធានក្រុមហ៊ុនទេសចរណ៍ «មិនសូវុធខេមរា (KS)» សហការជាមួយមូលនិធិ «ដើម្បីជនពិការថៃ+ចិន» ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូមកពីប្រទេសថៃជាច្រើននាក់ផងដែរ។
លោក មិន សូវុធ បានឱ្យដឹងថា ដោយសារឱកាសនេះជារដូវបុណ្យកាន់បិណ្ឌ ទើបលោកបានកៀរគរស្វែងរកដៃគូ និងមូលនិធិមួយចំនួន ដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋកំពុងតែជួបការលំបាក។ ជាមួយគ្នានោះ លោកក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងកើតជម្ងឺផ្សេងៗពីព្រោះរដូវនេះមានភ្លៀងធ្លាក់ច្រើន។
ចំណែកលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បានលើកឡើងថា ការធ្វើពិធីជួបជុំអាហារសាមគ្គីនេះ គឺចង់ឱ្យប្រជាពលរដ្ឋមានភាពជិតស្និទ្ធនឹងគ្នា ចេះសាមគ្គីគ្នា ដែលរួមរស់ក្នុងដំបូលសុខសន្តិភាពតែមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជាប្រមុខ។
នៅក្នុងឱកាសនោះ លោកក៏បានសន្យាថា កម្មវិធីជួបជុំគ្នានេះ ទើបតែធ្វើនៅក្នុងទឹកដីខេត្តប៉ៃលិនជាលើកទី១ ហើយក្នុងនាមលោក តំណាំងឱ្យក្រុមហ៊ុន និងមូលនីធិ ដើម្បីជនពិការថៃ+ចិន Can You នឹងមានការជួបជុំទទួលអាហារសាមគ្គីនេះ ជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ឆៀវឆានអក្សនៈនាយៈ ថះណាត់ ប្រធានមូលនីធិ ដើម្បីជនពិការថៃ+ចិន Can You បានឱ្យដឹងថា មូលនិធិរបស់លោកមិនមែនប្រតិបត្តិការទៅលើតែជនជាតិថៃ និងជនជាតិចិនប៉ុណ្ណោះទេ គឺប្រតិបត្តិការនៅទូទាំងពិភពលោក ជាពិសេសប្រទេសកម្ពុជា ហើយនេះជាលើកទី១ ដែលមូលនីធិ របស់លោកបាន មកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តប៉ៃលិន ដើម្បីចែកអំណោយសប្បុរសធម៌។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រចំនួនជាង ២,០០០នាក់ បន្ទាប់ពីបានទទួលទានអាហារសាមគ្គី ១ពេល គឺទទួលបានថវិការឧបត្ថម្ភក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀលផងដែរ ពីក្រុមហ៊ុនទេសចរណ៍ មិនសូវុធខេមរា (KS) សហការជាមួយមូលនិធិដើម្បីជនពិការថៃ+ចិន ដែលចំណាយថវិកាសរុបប្រមាណ ៦០លានរៀល៕