(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខវីរៈយុទ្ធជន និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនកងការពារព្រំដែនគោកលេខ៤០៣ ស្ថិតនៅស្រុកអន្លង់វែង និងកងការពារព្រំដែនគោកលេខ៤០២ ស្ថិតនៅតំបន់អូរស្មាច់ ចំណុះយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់នាយទាហាន ពលទាហាន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងបានផ្តល់នូវសុខសន្តិភាពដល់ប្រទេស។ សុខសន្តិភាពនេះ បានផ្តល់ជាអំណោយផលដ៏ល្អក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ។ ពិសេសផ្តល់ឱកាសដល់ការស្វែងរកទីផ្សារសម្រាប់ការនាំចេញផលិតផលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យភាពសម្បូរណ៍រុងរឿង។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីគម្រោងសាងសង់ និងលើកគុណភាពផ្លូវជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងសិក្សាលទ្ធភាពធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៦៧ គម្រោងផ្លូវល្បឿនលឿន គម្រោងបើកការដ្ឋានសាងសង់ផ្លូវពីសំឡូតទៅខេត្តកោះកុងដើម្បីដឹកជញ្ជូនផលិតផលទៅកាន់ កំពង់ផែទឹកជ្រៅ និងការតភ្ជាប់ផ្លូវដែកឡើងវិញពីភ្នំពេញទៅប៉ោយប៉ែតក្រោយកាត់ផ្តាច់អស់រយៈពេល៤៥ឆ្នាំ និងការដឹកជញ្ជូនតាមផ្លូវទឹកដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនសំដៅបង្កើនសក្កានុពលសេដ្ឋកិច្ច។
ឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃការចុះសាកសួរសុខទុក្ខកងទ័ពតាមព្រំដែនគោកនេះ លោក ស៊ុន ចាន់ថុល ក៏បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាបប្រមាណ ៨៣នាក់ នៅសាលាខេត្តសៀមរាប ដោយបាននាំយកអំណោយជាថវិកាមួយចំនួន ចែកជូនដល់មន្ត្រីគ្រប់រូប ដើម្បីសម្តែងនូវការកោតសរសើរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក៕