(ញូវយ៉ក, អាមេរិក)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ រូបលោក បានជួបពិភាក្សាការងារជាថ្មីជាមួយលោក ម៉ាក ហ្វៀល អនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក។
លោក ប្រាក់ សុខុន ដែលកំពុងមានបេសកកម្មនៅទឹកដីទីក្រុងញូវយ៉ក សហរដ្ឋមន្ត្រី ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនោះ បានគូសរំលេចថា ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសនេះ សមភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាប្រយោជន៍រួម និងបានអះអាងជាថ្មីពីការតាំងចិត្តបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើនផ្សេងទៀត។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក ម៉ាក ហ្វៀល បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានចូលជួបសម្តែងការគួរសមនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានជួបសំណេះសំណាលការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូបទៀត។
តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនោះ លោក ម៉ាក ហ្វៀល បានបង្ហាញឆន្ទៈធ្វើការងារជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង។ ជាពិសេសលោកបានបញ្ជាក់ថា ទីផ្សាររបស់អង់គ្លេសនៅតែអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា បើទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយនោះ៕