(ស្ទឹងត្រែង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកកិច្ចប្រជុំ ដោយមានការចូលរួម ពីមន្ទីរពាក់ព័ន្ធជុ វិញខេត្ត ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពលើការងារបង្កបង្កើនផល និងស្ថានភាពផលប៉ះពាល់ ខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់ទន្លេមេគង្គ លើផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ ដើម្បីរួមគ្នាពិនិត្យពិចារណាលើលទ្ធភាព នៃការបែងចែកពូជស្រូវ និងពូជដំណាំជូនប្រជាកសិករដែលរងគ្រោះ។
បន្ទាប់ពីលោកអភិបាលខេត្ត បានធ្វើការរាយការណ៍អំពីសកម្មភាព និងស្ថានភាពបង្ករបង្កើនផល ក៏ដូចជាផលប៉ះពាល់នៃគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែងរួមមក លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធិផលនានាដែលខេត្តស្ទឹងត្រែង សម្រេចបានកន្លងមក។ ចំពោះផលប៉ះពាល់ ខូចខាតដែលបណ្ដាលមកពីគ្រោះទឹកជំនន់លើផលិតផលកសិកម្ម លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំជ្រាបថា ក្រសួងបានត្រៀមដឹកជញ្ជូនស្រូវពូជចំនួន ៨០តោនដែលមាន ក្នុងសន្និធិកដើម្បីជួយស្តារស្ថានភាពជូនប្រជា កសិករជាង១ពាន់គ្រួសារ លើផ្ទៃដីប្រមាណជា១.៤ពាន់ហិចតា។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី៤, លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងពេលធ្វើដំណើរទៅបំពេញបេសកកម្ម នៅខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ព្រមទាំងសហការីបានចូលប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តថ្មី ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោករដ្ឋមន្ត្រី និងសហការីបានប្រគេនថវិកាចំនួនពីរពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តឲ្យកាន់តែមានភាពរីកចម្រើន សម្រាប់ពុទ្ធបរិស័ទធ្វើការគោរពបូជា៕