(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានថ្លែងថា វិមានឈ្នះ-ឈ្នះ ដែលនឹងសម្ពោធជាផ្លូវនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) នឹងដាក់បង្ហាញនូវឯកសារប្រវត្តិសាស្ត្រសំខាន់ៗ ដែលបានរក្សាទុកយ៉ាងលំបាកពីឆ្នាំ១៩៨០មក។
លោកបានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានអញ្ជើញរៀបចំបាឋកថា ស្តីពី «នយោបាយឈ្នះ-ឈ្នះ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ» ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោក ស៊ឹម យ៉ារ៉េន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន រួមទាំងក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ និងសាស្ត្រចារ្យ សិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលចំនួន៤៦៤នាក់ផងដែរ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងមុះមុតពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ ក្រុមការងារសាងសង់របស់លោក បានខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់បញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះ គ្រោងដាក់សម្ពោធជាផ្លូវការ នៅចុងឆ្នាំនេះតាមផែនការ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងបន្តថា តាំងពីថ្ងៃទី២៩ ធ្នូ ១៩៩៨មក ក្នុងរយៈពេល២០ឆ្នាំដែលប្រទេសកម្ពុជា បានទទួលសន្តិភាពពេញលេញ និងរីកចំរើនបានដូចថ្ងៃនេះ គឺដោយសារតែមានសម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមយុទ្ធជនដោយយកឈាមស្រស់ និងជីវិតដើម្បីពលីទាមទារឱ្យបានសន្តិភាពដូចថ្ងៃនេះ ជាក់ស្តែងយុទ្ធជនដែលបានប្រឹងប្រែងតស៊ូ ដើម្បីឱ្យប្រទេសមានសន្តិភាពដូចថ្ងៃនេះ ពួកគាត់មួយចំនួនបានបាត់បង់ជីវិត គឺនៅមានតែរូបថត និងសកម្មភាពដែលយើងបានរក្សាទុក ដើម្បីបង្ហាញជាទឹកតាងនៅវិមានឈ្នះ ឈ្នះ នេះតែម្តង។
លោកបានបន្តទៀតថា នេះជាគំនិតផ្តើមមួយដែលក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ បានខិតខំក្នុងការរៀបចំឱ្យមាននូវការសាងសង់វិមាននេះ ឱ្យទៅជាសារមន្ទីប្រវត្តិសាស្ត្រពិសេស ដែលរៀបចំទៅជាព្រលឹងនៃវិមានឈ្នះ-ឈ្នះនេះ ហើយនឹងក្លាយទៅជាសារមន្ទីប្រវត្តិសាស្ត្រ ដែលមានទឹកតាងផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាំងពីទសវត្សរ៍ឆ្នាំ៧០ រហូតមកដល់បច្ចុប្បន្ន រួមមានទាំងវត្ថុតាងនានា ដែលសម្តេចបានប្រើប្រាស់មានទាំង ផែនទី វិទ្យុ អាវុធ និងរថយន្តរបស់សម្តេច នៅពេលនោះ និងត្រូវដាក់តាំងនៅវិមានឈ្នះ ឈ្នះនេះផងដែរ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តទៀតថា ឯកសារប្រវត្តសាស្ត្រទាំងអស់ គឺបានរក្សាទុកយ៉ាងលំបាកជាទីបំផុតពីឆ្នាំ១៩៨០មក ពីព្រោះនៅពេលនោះមិនមានបច្ចេកវិទ្យាទំនើបៗ ដូចនៅពេលនេះទេ គឺមានតែម៉ាស៊ីនថតតូចមួយ ដែលទាមទារឱ្យត្រូវលាងហ្វីលទៀតផង ដូចនេះការរក្សាទុកនូវឯកសារខ្លះៗដើមដែលមាន និងការឆ្លងកាត់នូវដំណាក់កាលពីឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ រហូតដល់ការ បោះឆ្នោត ឆ្នាំ១៩៩៣ ដែលយើងជួបប្រទះនូវព្រឹត្តិការប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានរៀបចំរដ្ឋាភិបាលចម្រុះតំបូងបំផុត គឺបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើននៅក្នុងទំព័រប្រវត្តិសាស្ត្ររបស់យើង ទំរាំនឹងស្តារឡើងវិញបាននូវរឿងរ៉ាវទាំងអស់ក្រោមការដឹកនាំរបស់មគ្គុទេសដ៏ធំតែមួយរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន គឺបានរក្សាទុកវាយ៉ាងលំបាកបំផុត៕