(ពោធិ៍សាត់)៖ លោកបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការ តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសណ្ឋាគារសេនជូរី បានអញ្ជើញបើកសិក្ខាសាលា ស្តីពីលទ្ធផលការងារសម្រេចបានកន្លងមក និងទិសដៅការងារបន្ត របស់កម្មវិធីសម្បទានដីសង្គមកិច្ច។
ពិធីនេះរៀបចំឡើងដោយនាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានការចូលរួមពី លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកបណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធ មកពីបណ្តាខេត្តទាំង១៧ ដែលមានដីសម្បទានសង្គមកិច្ច។
បន្ទាប់ពីលោក ម៉ៅ ធនិន ថ្លែងសន្ទរកថាស្វាគមន៍ និងជម្រាបជូនអំពីស្ថានភាព និងសក្តានុពលសំខាន់ៗរបស់ខេត្តនោះលោកបណ្ឌិត ឌុច វនទីតូ បានថ្លែងក្នុងពិធីបើកសិក្ខាសាលាដោយបានថ្លែងនូវ អំណរគុណចំពោះរដ្ឋបាលខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តព្រមទាំងប្រតិភូទាំង១៦រាជធានី ខេត្ត ដែលបានរៀបចំនិងចូលរួមសិក្ខាសាលានាពេលនេះ។
លោកបានលើកឡើងថា ឆ្លើយតបតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ដិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ការផ្តល់សម្បទានដីសង្គមកិច្ច នៅតែបន្តសកម្មភាព តាមកម្មវិធីសំខាន់៤ រួមមាន៖
*ទី១៖ សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ស៊ីវិលទូទៅ
*ទី២៖ សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ
*ទី៣៖ ការអភិវឌ្ឍតាមបណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ស្វាយរៀង និងស្ទឹងត្រែង ដែលការងារនេះ ផ្តោតលើការសាងសង់ផ្ទះ ជូនគ្រួសារយោធិន និងនគរបាល ដែលឈរជើងការពារនៅតាមបណ្តោយព្រំដែន
*ទី៤៖ គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ ជាគម្រោងសហប្រតិបត្តិការ ជាមួយដៃគូរអភិវឌ្ឍន៍ ដែលរៀបចំដោយអន្តរក្រសួងចំនួន៣ បានអនុវត្តក្នុងខេត្តគោលដីចំនួន៥ រួមមានខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង និងកំពង់ស្ពឺ។
លោកបានលើកឡើងទៀតថា យន្តការសម្បទានដីសង្គមកិច្ចថ្នាក់ក្រោមជាតិ ដែលមានលោក អភិបាលរាជធានី ខេត្តជាប្រធានដឹកនាំមានតួនាទីក្នុងការគ្រប់គ្រង និងការពារដីរដ្ឋសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ក្រីក្រស៊ីវិល កងកម្លាំងប្រដាប់អាវុធនិងគ្រួសារខ្វះខាតដីនិងត្រូវការដីពិតប្រាកដ នៅក្នុង មូលដ្ឋាន ឲ្យបានចំគោលដៅ។
លោកបានថ្លែងបន្ថែមថា តាមរយៈសិក្ខាសាលាមួយថ្ងៃនេះ មានបទបង្ហាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តចំនួន៩ បទបង្ហាញរបស់សមាគមអតីតយុទ្ធជនកម្ពុជា និងបទបង្ហាញមន្ត្រីបច្ចេកទេស ក្នុងនោះមានការកំណត់ដី និតិវិធីធ្វើអនុបយោគដីរដ្ឋ រៀបចំដែនការប្រើប្រាស់ ការបែងចែកដី ក្របខណ្ឌគតិយុត្តនិងវិតិវិធីនៃការ កំណត់មុខសញ្ញាអ្នកទទួល ដីសម្បទានសង្គមកិច្ច គំរូប្លង់និងសាងសង់ផ្ទះជូនគ្រួសារយោធិន។
ក្នុងនាមថ្នាក់ដឹកនាំសូមឲ្យសមាជិកសមាជិកាសិក្ខាសាលាយកចិត្តទុកដាក់លើចំណុចសំខាន់ៗ សម្រាប់ជាបទពិសោធន៍ និងធ្វើការពិភាក្សាផ្លាសប្តូរជួយដោះស្រាយ បញ្ហាប្រឈមក្នុងទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្តែងនៅមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាពនិងចីរភាពស្របតាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើមានតម្លាភាព៕