(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូស្ទីល( WTF) ដណ្ដើមពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោមការសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ និងបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា ដើម្បីអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពល។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបង្កើតពានរង្វាន់នេះឡើង ក្នុងន័យផ្តល់ឱកាសឱ្យកីឡករ-កីឡាការិនីវ័យក្មេង ក្រុមជម្រើសជាតិបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាពិសេសនោះស្ថានទូតកូរ៉េតែងតែគាំទ្រទាំងថវិកា និងសម្ភារ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូ ឱ្យមានការរីកចម្រើនឈានទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេសនោះ ត្រៀមប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ នៅព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។
លោក Nak Young Oh អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ដ៏សំខាន់នេះ និងជួយអភិវឌ្ឍន៍កីឡាតេក្វាន់ដូនៅកម្ពុជាឱ្យកាន់តែមានសក្តានុពល។
ចំណែកឯលោក ពៅ ហុក គ្រូកីឡាក្លឹបសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឱ្យដឹងថា អត្តពលិករបស់លោកឈ្នះមេដាយ៩គ្រឿង ពីពានរង្វាន់អគ្គរដ្ឋទូតកូរ៉េ ក្នុងនោះមាស៥ ប្រាក់១ និងសំរឹទ្ធិ៣។
លោកបន្តថា នេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីពានកីឡាឧត្ថម្ភសិក្សា សាកលវិទ្យាល័យអាស៊ីអឺរុបក៏ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិច្រើនលើសលប់ ក្រោមការយកចិត្តទុកដាក់ពីលោក ឌួង លៀង ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ទាំងស្មារតី ថវិកា និងសម្ភារ ទើបជំរុញឱ្យសាកលវិទ្យាល័យអាស៊ីអឺរុបជោគជ័យនាពេលនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៨នេះ មានក្លឹបចំនួន២៣ចូលរួមមានកីឡាករ-កីឡាការិនីសរុបជាង ៤០០នាក់ចូលរួម និងវិញ្ញាសា ៤៤ ដាក់ឱ្យប្រកួតប្រជែង៕