(ភ្នំពេញ)៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់ និងបំផុសសកម្មភាពអប់រំកាយ និងកីឡា ដើម្បីឱ្យសិស្ស-និស្សិត មានឱកាសចូលរួមគាំទ្រសកម្មភាពកីឡាកាន់តែខ្លាំងក្លា ក្នុងគោលដៅបង្កើនបច្ចេកទេសដល់ធនធានកីឡាករ កីឡាការិនីជាតិឱ្យបានកាន់តែល្អប្រសើរ ឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
លោក ប៊ូ ជុំសេរី បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅ ក្រសួងអប់រំនឹងធ្វើកំណែទម្រង់លើការប្រកួត និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះ ដោយប្រែក្លាយទៅជាការប្រកួត ពហុកីឡាសិស្សថ្នាក់ជាតិ National School Games និងពហុកីឡានិស្សិតថ្នាក់ជាតិ National University Games រៀងរាល់២ឆ្នាំម្តង នៅចន្លោះកីឡាជាតិ។
សូមបញ្ជាក់ថា ក្នុងចំណោម២២គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា ដែលចូលរួមប្រកួតឆ្នាំនេះ គឺចំណាត់ថ្នាក់លេខ១ បានទៅលើសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឈ្នះមេដាយមាស១៦ ប្រាក់៦ និងសំរឹទ្ធិ៣ សរុប២៥គ្រឿង, លេខ២បានទៅលើវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មេដាយមាស៣ ប្រាក់៨ និងសំរឹទ្ធិ៧ សរុប១៨គ្រឿង និងលេខ៣ បានទៅលើវិទ្យាស្ថាន CamEd មេដាយមាស២ ប្រាក់២ និងសំរឹទ្ធិ៦ សរុប១០គ្រឿង ខណៈ៥គ្រឹះស្ថានផ្សេងទៀត ឈ្នះមេដាយមាស១វិញ្ញាសាដូចៗគ្នា ហើយក្រៅពីនេះ មិនទទួលបានមេដាយមាសឡើយ។
លោក ពៅ ហុក គ្រូកីឡានៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងនាមថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យនេះ ពិតជាមានមោទនភាពបំផុត ដែលជោគជ័យនេះបានកើតចេញពីការខិតខំហ្វឹកហាត់ និងប្រកួតរបស់កីឡាករ-កីឡាការិនីទាំងអស់ ក្រោមការលើកទឹកចិត្តយ៉ាងខ្លាំងពីលោកប្រធានក្រុមប្រឹក្សាភិបាល ឌួង លាង ដែលធ្វើឱ្យសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្នះមេដាយច្រើន និងឈរនៅលើកំពូលតារាងមេដាយ នៃព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ។
តំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរូបនេះ សន្យាថានឹងខិតខំបន្ថែមទៀត ដោយអាចបន្ថែម១ប្រភេទកីឡាផ្សេងទៀត អាចប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់ នាឆ្នាំក្រោយ ខណៈឆ្នាំនេះបានចូលរួមប្រកួតលើ៤ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡារបស់ក្រសួងអប់រំ ដែលនេះគឺជាគោលដៅរួមគ្នា ក្នុងការអភិវឌ្ឍកីឡាជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕