(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រួមគ្នាការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ កុំឱ្យព្រៃឈើដួលប្រសើរជាងគ្នា ទប់ស្កាត់ដើមឈើដួលតែនៅតាមដងផ្លូវ។
ការលើកឡើងរបស់លោក អ៊ុន ចាន់ដា បែបនេះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រៃសហគមលើកទី៤ រវៀងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងគណៈកម្មការគ្រប់គ្រង សហគមព្រៃឈើ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា៖ «យើងគួររួមសហការគ្នាការពារព្រៃឈើ ពីការកាប់បំផ្លាញកុំឱ្យព្រៃឈើដួលប្រសើរជាងការពារតែ នៅតាមដងផ្លូវការពារឈើដែលដួលស្រាប់ហើយនោះទេ»។
លោកបានបន្តថា អ្វីដែលលោកចង់បាន គឺនៅប្រភពដើមតែម្តង គឺកុំឱ្យដើមឈើដួល កុំឱ្យត្រូវបានការកាប់បំផ្លាញនេះ គឺអ្វីដែលចង់បាន យើងមិនចង់បានការទប់ស្កាត់តាមដងផ្លូវ នៅពេលដែលដើមឈើដួល ហើយនោះទេអស់ព្រៃទៅហើយបានយើងមកទប់ស្កាត់តាមដងផ្លូវ។ ដូច្នេះយើងត្រូវរួមគ្នាទាំងប្រជាសហគមរបស់យើងតែម្តង និយាយរួមប្រជាសហគម គឺជាប្រតិបត្តិករផ្ទាល់នៅ និងកន្លែងប្រសិនបើលើស ពីសមត្ថកិច្ចរបស់យើងៗ ត្រូវរាយការណ៍មកកម្លាំងសមត្ថកិច្ច ឬក៏រដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងសហគមរបស់យើងបើសិនសហគមនោះ ស្ថិតក្រោមបរិស្ថានត្រូវរាយការណ៍មកបរិស្ថានជាបន្ទាន់។
លោកអភិបាលព្រះវិហារ បានបន្ថែមទៀតថា ការកសាងប្រទេសជាតិឱ្យមានការរីកចំរើន គឺត្រូវទាមទានូវការអភិវឌ្ឍន៍លើគ្រប់វិស័យរួម ទាំងការគ្រប់គ្រងធនធានព្រៃឈើ គឺជាកិច្ចការខិតខំ ប្រឹងប្រេងមួយទៀត ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់ខ្លួន ក្នុងនោះការគ្រប់គ្រងសហគមព្រៃឈើ ត្រូវបានដាក់បញ្ចូលជាយុទ្ធសាស្ត្រថ្មីមួយ នៃការគ្រប់គ្រងព្រៃឈើ។ ដូច្នេះការចុះកិច្ចព្រមព្រៀងសហគមព្រៃឈើនៅពេលនេះ គឺជាការឆ្លើយតប និងសេចក្តីត្រូវការរបស់សហគមមូលដ្ឋាន ស្ថាបន័ចំនាញពាក់ព័ន្ធ និងជ្ញាធរមូលដ្ឋាន ក្នុងដំណើរការអភិវឌ្ឍន៍សហគមព្រៃឈើ ឱ្យមានប្រសិទ្ធិភាព និងជួយដោះស្រាយបញ្ហាកើតមានក្នុងសហគម ដោយរួមគ្នាបង្កើតឱ្យមានភាពជាម្ចាស់ការលើព្រៃឈើ និងចូលរួមក្នុងការគ្រប់គ្រងធនធានព្រសឈើ ដ៏វិសេសវិសាលនេះ។
ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា ការចុះកិច្ចព្រមព្រៀងរវៀង ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងគណៈកម្មការគ្រប់គ្រសហគម គឺជាការចុះហត្ថលេខាលើកទី៤ ដោយមានសហគម៩ មកពី៤ ស្រុកចូលរួម និងដោយមានការសហការជាមួយមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (RECOFTC និងអង្កការ DPA។
លោក ពឹង ទ្រីដា បានបន្តថា ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមនៅពេលនេះ ជាសក្ខីភាពបញ្ចាក់ពីការផ្តល់នូវសិទ្ធស្របច្បាប់ ដល់សហគមមូលដ្ឋានក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើ ប្រកបដោយនិរន្តភាព ដើម្បីអនុវត្តគោលនយោបាយវិមជ្ឈការ របស់រដ្ឋាភិបាលដែលមានសក្តានុពលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងទៅថ្ងៃអនាគត។
លោកប្រធានមន្ទីរ ក៏បានធ្វើការអំពាវនាវដល់អង្កការដៃគូរ ម្ចាស់ចំនួយមូលនិធិនានា សូមបន្តការគាំទ្រដល់ការអភិវឌ្ឍន៍ សហគមព្រៃឈើបន្តទៀត ព្រោះថាសហគមព្រសឈើដែលអាចដំណើរការគ្រប់គ្រងទៅបាន គឺទាមទានូវការគ្រប់គ្រងធ្វើផែនការ ការពង្រឹងសមត្ថភាពដល់ស្ថាប័នសហគម ពង្រឹងការទំនាក់ទំនង និងបង្កើនមុខរបរចិញ្ចឹមជីវិតតាមរយះការដកហូតផល និងការកែឆ្នៃផលអនុផលព្រៃឈើ ស្របទៅតាមបច្ចេកទេសដែលទាមទាអោយមានការចូលរួមចំណែកពីអង្កការផ្តល់ជំនួនជាចាំបាច់៕