(កំពង់ចាម)៖ ម្ចាស់សំណង់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចាប់ផ្តើមដំណើរការសាងសង់ ដោយគ្មានច្បាប់អនុញ្ញាត បើទោះជាមានការហាមឃាត់ពីអភិបាលស្រុកព្រៃឈរក៏ដោយ ក៏ម្ចាស់សំណង់នៅតែបន្តសាងសង់យ៉ាងគឃ្លើនមិនញញើតអាជ្ញាធរស្រុកដែនដីបន្តិចសោះឡើយ។
ទាក់ទិនទៅនិងករណីខាងលើនេះ លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះថា កាលពីដំបូងខាងម្ចាស់សំណង់ បានដាក់ពាក្យស្នើសុំ រហូតដល់ខាងមន្ត្រីជំនាញសុរិយោដី ចុះមកត្រួតពិនិត្យរួមជាមួយអាជ្ញាធរស្រុក។ បន្ទាប់មក ខាងមន្ទីរដែនដី ក៏បានប្រាប់មកអាជ្ញាធរស្រុកថា ស្ថានីយ៍ប្រេងនេះ មិនអាចសាងសង់បានទេ ដោយសារចំណុចនោះមានស្ថានីយ៍ចាស់មួយរួចហើយ។
មន្ត្រីជំនាញក៏បានណែនាំស្ថានីយ៍ថ្មី អាចអនុញ្ញតឲ្យសាងសង់បានលុះត្រាតែមានគម្លាតពីគ្នាចាប់២០០ម៉ែត្រឡើងទៅ ដូច្នេះសម្រាប់ស្ថានីយ៍ថ្មី គឺនៅទល់មុខគ្នា ជាមួយស្ថានីយ៍ចាស់ ពោលគឺ មន្ត្រីជំនាញមិនអនុញ្ញតឲ្យធ្វើការសាងសង់នោះទេ។
លោកអភិបាលស្រុក បានឲ្យដឹងទៀតថា កន្លងទៅលោកបានចេញលិខិតហាមឃាត់ចំនួន៣លើកមកហើយ។ ជាងនេះទៅទៀត នៅពេលដែលមន្ត្រីសាលាស្រុក យកលិខិតទៅហាមឃាត់ ម្ចាស់សំណង់ មិនទទួលទេ តែបានផ្អាកសាងសង់៤ទៅ៥ថ្ងៃ រួចក៏ចាប់ដំណើរការសាងសង់បន្តទៀត។ នៅពេលការជូនដំណឹងគ្រប់នីតិវិធី ទើបលោកអភិបាល បានធ្វើលិខិតបញ្ជូនទៅមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត។
នៅថ្ងៃដដែលនេះលោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តកំពង់ចាម ក៏បានឲ្យដឹងផងដែរថា លោកធ្លាប់បានធ្វើលិខិតហាមឃាត់ម្ចាស់សំណង់នោះដែរ និងធ្លាប់អញ្ជើញ ម្ចាស់សំណង់មកធ្វើកិច្ចសន្យារួចហើយ ឲ្យគាត់រុះរើសំណង់នោះវិញ ដោយមិនអនុញ្ញតឲ្យសាងសង់បន្តទេ។
លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា បញ្ហាសំណង់ស្ថានីយ៍ប្រេងអត់ច្បាប់នោះ គឺកំពុងស្ថិតក្នុងចំណាត់ការរបស់មន្ទីរដែនដី នគររូបនីយ៍កម្ម និងសំណង់ ខេត្តកំពង់ចាម ចាត់ការទៅតាមនិតិវិធីរបស់មន្ត្រីជំនាញ។
លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានឲ្យដឹងដែរថា ក្នុងករណីសាងសង់សំណង់ល្មើសច្បាប់ដូចខាងលើ និងអាចប្រឈមមុខ បើហាមឃាត់មិនរាងចាល សមត្ថកិច្ចជំនាញអាចដឹកនាំគណៈកម្មការចុះទៅរឹបអូសគ្រឿងសំណង់ យកមករក្សាទុកមួយរយៈ ហើយបើសិនករណីធ្ងន់ធ្ងរ ត្រូវបំផ្លិចបំផ្លាញសំណង់ដែលបានសាងសង់នោះចោល ក្រោមការអនុញ្ញតពីតុលាការ តាមរយៈមន្ត្រីជំនាញសុរិយោលដីខេត្ត៕