(កំពង់ធំ)៖ ដូនចាស់ជរាទីទ័លក្រ និងអ្នកមានជំងឺចំនួន១២នាក់ ត្រូវបានទទួលអំណោយពី លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ និងព្រះអនុគណស្រុក លឹម វុឌ្ឍី បន្ទាប់ពីមើលឃើញនូវភាពខ្វះខាត ជួបការលំបាក រួមទាំងមានជីវភាពទីទ័លក្រនៅ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង៎ធំ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ពិធីចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រនេះ ដឹកនាំដោយ លោក ហាក់មុងហួត និងព្រះអនុគណស្រុក លឹម វុឌ្ឍី រួមទាំងសហការីបានផ្តល់អំណោយជូនដល់ ចាស់ជរាទីទ័លក្រ និងអ្នកមានជំងឺចំនួន១២នាក់ ក្នុងនោះមានគ្រឿងឧបភោគ បរិភោគ ក្នុងម្នាក់ទទួលបាន អង្ករ មី ភួយ មុង កន្ទេល ចង្រ្កានហ្គាស ចានស្រាក់ ទឹកសុទ្ធ ចានដែក ខ្ទះ ឆ្នាំង ចាន រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត និងថវិកា១០ម៉ឺនរៀល ចំណែកបងស្រីពិការជើង បានទទួលរទេះរុញមួយគ្រឿង ដើម្បីសម្រួលដល់ការធ្វើដំណើរ។
លោក ហាក់ ម៉ុង ហួត បានពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ឲ្យយកចិត្តទុកដាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងផ្សាភ្ជាប់នូវចំណងមិត្តភាព ដោយមិនទុកឲ្យបងប្អូនណាម្នាក់ មានទុក្ខលំបាក ដោយមន្ត្រីយើងមិនបានដោះស្រាយនោះទេ។
លោក ហាក់ ម៉ុង ហួត បានថ្លែងអំណរអរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានបំពេញកាតព្វកិច្ច អញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត និងសូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានសេចក្តីសុខសប្បាយ និងការចូលរួមប្រារព្វពិធីបុណ្យកាន់បិណ្ទ និងបុណ្យភ្ជុំបិណ្ឌ ឲ្យទទួលបានមាឃផលច្រើន និងសូម ឲ្យមានការប្រុងប្រយ័ត្នការអុចធូបទាន ក្នុងរដូវបុណ្យភ្ជុំបិណ្ទនេះចៀសផុតពីអន្តរាយ៕